

ឯកឧត្ដម សុខ សូកេន ត្រូវបានផ្លាស់ប្ដូរតួនាទីទៅកាន់ក្រសួងអធិការកិច្ច និងជំនួសវិញដោយឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ការផ្លាស់ប្ដូរតួនាទីនេះធ្វើឡើងក្នុងសម័យប្រជុំសភាជាវិសាមញ្ញ នៅនៅព្រឹកថ្ងៃ សុក្រ ទី ២០ ខែកញ្ញាឆ្នាំ ២០២៤ ដោយមានការចូលពីសមាជិក សមាជិកានៃរដ្ឋសភាចំនួន ១០៥ រូប។
នេះជាការផ្លាស់ប្ដូរតួនាទីក្នុងជួររដ្ឋមន្ត្រីលើកទី១ បន្ទាប់ពីរាជរដ្ឋាភិបាលអាណត្តទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដំណើរការបានរយៈពេល១ឆ្នាំ។ ការផ្លាស់ប្ដូរនេះ ធ្វើឡើងតាមការស្នើសុំពីនាយករដ្ឋមន្ត្រី ទៅកាន់សភាជាតិ ដើម្បីបោះឆ្នោតផ្ដល់សម្រេច។
ឈរលើ ១០៦ លើ១០៦ សំឡេង ដែលបានបោះឆ្នោតគាំទ្រលើសំណើរបស់នាយករដ្ឋមន្ត្រី ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប ៖ ទី១គឺ ឯកឧត្ដម ហួត ហាក់ ពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឲ្យទៅគ្រប់គ្រងក្រសួងទេសចរណ៍ និងទី២គឺ ឯកឧត្ដម សុខ សូកេន ពីរដ្ឋមន្ត្រីក្រសួងទេសចរ ទៅធ្វើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។ រដ្ឋសភាជាតិ បានអនុម័តយល់ព្រមរបៀបវារៈរបស់សម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ស្ដីពី ការផ្ដល់សេចក្ដី ទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលខាងលើ៕

អត្ថបទ៖ ឈិន ធារ៉ាត់

