ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ មិនដឹងថាមានវិបត្ដិអ្វីបានយកកាំបិតចិតផ្លែឈើ អារ.ក.ខ្លូនឯងក្នុងបន្ទប់ផ្ទះបាយជាន់ផ្ទាល់ដីស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង ០១ នឹង ៤៥នាទីរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលំ ត្រង់ចំណុចផ្ទះល្វែង សង្កាត់អូរបែកក្អម ខណ្ឌសែនាុខ រាជធានីភ្នំពេញ ។

តាមប្រភពពីកូនស្រីបង្កើតរបស់ស្រ្តីរងគ្រោះបានឱ្យដឹងថា សព្វថ្ងៃខ្លួនរស់នៅជាមួយម្តាយតែ០២នាក់នោះទេ ដោយឪពុករបស់ខ្លួនមានបេសកម្មចុះធ្វើការនៅតាមខេត្ត ដោយនៅថ្ងៃកើតហេតុ ខ្លួនបានឃើញម្តាយមានអាការៈចម្លែក ដើរចុះដើរឡើងពេញផ្ទះ ភ្លាមៗកូនស្រីបានសួរទៅកាន់ម្តាយថា « ម៉ាក់កើតអី អត់ស្រួលខ្លួនមែនមិចមិនយកថ្នាំលេប » ប៉ុន្តែម្តាយមិនបានឆ្លើយតបអ្វីសូម្បីមួយមាត់ ។

លុះមកដល់វេលាម៉ោង១១ព្រឹក យុវតីខាងលើក៏បានឡើងទៅជាន់លើដើម្បីងូតទឹករៀបចំខ្លួនទៅរៀន ស្របពេលឡើងទៅលើមិនទាន់បានងូតទឹកផង ក៏ស្រាប់តែឮសម្លេងទឹកហូរនៅជាន់ក្រោម ខណៈនោះយុវតីជាកូន បានរត់ចុះមកក្រោមគោលបំណងទៅបិទទឹក ក៏ស្រាប់តែប្រទះឃើញម្តាយ ដេកដួលក្នុងថ្លុកឈាម សល់តែដង្ហើមចង្រិត។ ដោយឃើញមានកាំបិតចិតផ្លែឈើចំនួន០១ នៅជាប់នឹងខ្លួនម្តាយ ហើយបំពង់កម្តាយ មានស្នាមដាច់ ទើបយុវតីជាកូនស្រី បានរត់ទៅយកក្រណាត់រុំបំពង់កម្តាយកុំឱ្យហូរឈាមរួច ប្រញាប់ទាក់ទងរករថយន្តពេទ្យ ដើម្បីជួយសង្រ្គោះម្ដាយប៉ុន្តែជាអកុសលស្រ្តីរងគ្រោះបានស្លាប់មុនពេលរថយន្តសង្គ្រោះមកដល់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញផ្នែកកោសល្យវិច័យ បានមកដល់ធ្វើការត្រួតពិនិត្យសព និងជុំវិញទីតាំងកើតហេតុយ៉ាងម៉ត់ចត់។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

អត្ថបទ៖ សេង សាវី

Share.