
ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសារសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង និងដោយស្មោះស្ម័គ្រ ចំពោះការសម្រេច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ។ ការសម្រេចដកខ្លួនចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថា ជាការសម្រេចចិត្ត ដែលតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយការសម្រេចនេះក៏បានបញ្ចប់នូវមន្ទិលក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ បន្ទាប់ពីការបរាជ័យដ៏អាម៉ាស់ យ៉ាងដំណំរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងយកតំបន់ត្រីកោណអភិវឌ្ឍន៍ ធ្វើជាបញ្ហាកកូរកកាយផ្ទៃក្នុងរបស់កម្ពុជា បង្កការរំខានដល់រាជរដ្ឋាភិបាល ក្នុងការបកស្រាយពន្យល់ជាច្រើនលើកច្រើនសារ។
សូមស្ដាប់សារសំឡេងទាំងស្រុងរបស់លោកបណ្ឌិត ទូច សុឃៈ (សុខៈ)៖
សូមរំលឹកថា តាមរយៈសាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤នេះ បញ្ជាក់ថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។
ការដកខ្លួននេះ ធ្វើឡើងដោយគិតគូរពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត បន្ទាប់ពីពួកនេះបរាជ័យទាំងស្រុងក្នុងផែនការថ្ងៃទី ១៨ សីហា៕
អ្នកនាំពាក្យក្រសួងមហាផ្ទៃ

