ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា បានចេញដំណើរទៅប្រទេសថៃ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ដើម្បីចូលរួមពានរង្វាន់ 2024–25 ASEAN Club Championship (Shopee Cup) វគ្គជម្រុះពូល A ប្រកួតទី២។

ដោយក្រុមបាល់ទាត់ BG Pathum United FC នឹងត្រូវបើកទ្វារកីឡដ្ឋាន BG Stadium ទទួលស្វាគមន៍ព្រះខ័នរាជស្វាយរៀង នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០យប់។
គួរដឹងថាកាលពីយប់ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ Terengganu FC សមាជិកលីគកំពូលម៉ាឡេស៊ី នៃពានរង្វាន់ 2024–25 ASEAN Club Championship (Shopee Cup) ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Sultan Mizan Zainal Abidin ប្រទេសម៉ាឡេស៊ី។

ព្រះខ័នរាជស្វាយរៀង (កម្ពុជា) ស្ថិតនៅក្នុងពូល A ជាមួយក្រុមដូចជា Shan United (មីយ៉ាន់ម៉ា), BG Pathum United (ថៃ), Terengganu (ម៉ាឡេស៊ី), PSM Makassar (ឥណ្ឌូណេស៊ី), Dong A Thanh Hoa (វៀតណាម)។
ពានរង្វាន់ជើងឯកតំបន់អាស៊ាន នេះធ្លាប់រៀបចំឡើង២លើកមក ដោយក្នុងឆ្នាំ២០០៣ ជើងឯកបានទៅក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះលើក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ។
ចំណែកក្រុមដំណាងឱ្យកម្ពុជា ចូលរួមក្នុងពានរង្វាន់នេះគឺ នៅឆ្នាំ២០០៣ ក្រុម Samart United (បច្ចុប្បន្នភ្នំពេញក្រោន) ហើយនៅឆ្នាំ២០០៥ ក្រុមណាហ្គាខប បានចូលរួម (បច្ចុប្បន្ន ណាហ្គាវើល)៕


