តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នាថ្ងៃចន្ទ នេះថា មនុស្ស ៦នាក់បានស្លាប់ និង២នាក់ទៀតបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅលើភាគកណ្ដាលប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

រដ្ឋាភិបាលក្នុងតំបន់ Ishikawa នៅលើឆ្នេរសមុទ្រជប៉ុនបាននិយាយថា មនុស្ស ២នាក់បានបាត់ខ្លួន ហើយស្ថានភាពមនុស្ស ៨នាក់ផ្សេងទៀតមិនទាន់កំណត់បាននៅឡើយទេ។ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកខេត្ត Ishikawa កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន ជាមួយកម្ពស់ទឹកភ្លៀង ៥៤០មីលីម៉ែត្រ ដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុង Wajima ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយ។

តំបន់នេះនៅតែបន្ដកើតមានឡើងវិញពីការរញ្ជួយដីកម្រិត ៧.៥រិចទ័រនៅដើមឆ្នាំនេះ ដែលបណ្ដាលឱ្យរលំអគារ បង្កជារលកយក្សស៊ូណាមិ និងបានបង្កជាអគ្គីភ័យដ៏ធំមួយ។

យោងតាមតួលេខរបស់រដ្ឋាភិបាលខេត្ត Ishikawa បានឱ្យដឹងថា ទឹកជំនន់បានជន់លិចលំនៅដ្ឋានបណ្ដោះអាសន្ន ដែលបានសាងសង់សម្រាប់អ្នកដែលបានបាត់បង់ផ្ទះរបស់ពួកគេដោយការរញ្ជួយដី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧៤នាក់។

យោង​តាម​ក្រុមហ៊ុន Hokuriku Electric Power Company បាន​ឲ្យ​ដឹង​ថា នា​ថ្ងៃ​ចន្ទ នេះ ផ្ទះ​ប្រជាជនសរុប​ចំនួន ៤០០០គ្រួសារ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ បន្ទាប់​ពី​ភ្លៀង​ធ្លាក់ រីឯផ្លូវជាច្រើនក្នុងតំបន់នេះ ត្រូវបានបិទខ្ទប់ដោយសារគ្រោះរអិលបាក់ដី។

យោធាជាច្រើនត្រូវបានបញ្ជូនទៅកាន់តំបន់ Ishikawa ដើម្បីចូលរួមជាមួយក្រុមអ្នកជួយសង្គ្រោះ កាលពីចុងសប្តាហ៍ ខណៈប្រជាជនរាប់ម៉ឺននាក់ ត្រូវបានជំរុញឱ្យជម្លៀសចេញទៅកន្លែងសុវត្ថិភាព៕

ប្រភព៖ CNA

Share.