ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាអ្នកអូសរទេះដើររើសអេតចាយ តែបើឱកាសស្ងាត់ ប្រទះឃើញអ្វីលួចហ្នឹង ពោលលួចមិនរើសមុខ រហូតដល់ពលរដ្ឋព្រួយបារម្ភ នូវសុវត្តិភាពក្នុងមូលដ្ឋាន ដោយទ្រាំលែងបាន គ្រាដែលជនសង្ស័យចូលលួចសម្ភារៈនៅកន្លែងសំណង់មួយកន្លែង ត្រូវបានក្រុមកម្មករ ពលរដ្ឋ ចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅខាងក្រោយសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋបានលើកឡើងថា រាល់យប់ ថ្ងៃ សង្កេតឃើញមានក្រុមអ្នកដើររើសអេតចាយ មានស្ពាយបាវថ្មើរជើង អូសរទេះ ជិះកង់ រុឺម៉កម៉ូតូ តាមផ្លូវ តាមភូមិ ហើយក្រុមទាំងនេះទៀតសោត ពិសេសក្រុមអ្នកដើរយប់ រហ័សដៃណាស់ ឃើញឱកាសស្ងាត់ ចូលលួចមិនប្រណី ប៉ះអ្វី លួចហ្នឹង សូម្បីតែស្បែកជើងផ្ទាត់ក៏យកដែរ កុំថាឡើយអំបោស ធុងសំរាម រហូតដល់ហ៊ានគាស់ផ្ទះ ប្រសិនបើម្ចាស់មិននៅ។

ពលរដ្ឋបន្តទៀតថា កន្លងមកកម្លាំងសមត្ថកិច្ច អាជ្ញាធរ ចេញល្បាតពេលយប់ ចាប់ឃាត់ក្រុមទាំងនេះ យកទៅអប់រំ កិច្ចសន្យា តែមួយរយៈនេះ សមត្ថកិច្ចលែងល្បាត បែជាចេញមុខក្រុមទាំងនេះមកទៀត លួចរហូតដល់ពលរដ្ឋព្រួយបារម្ភ សូម្បីធុងសំរាមក៏លួចដែរ។

ដូចករណីខាងលើ ដោយសារពលរដ្ឋទ្រាំលែងបាន សកម្មភាពជនសង្ស័យលួចពេកហើយ លើងនេះតាមទាន់ចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ច។ ជនសង្ស័យត្រូវបានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.