សិល្បៈជាតិ៖ នាខណៈនេះការប្រកួត Miss Cosmo International កំពុងដំណើរការប្រកួតយ៉ាងក្ដៅគគុកនៅឯប្រទេសវៀតណាម ដោយបេក្ខភាពតំណាងកម្ពុជា កញ្ញា អ៊ិន លក្ខិណា បានឆ្លៀតប្រើឱកាសមាសនេះផ្សព្វផ្សាយពីប្រាសាទអង្គរវត្តរបស់ខ្មែរ នៅក្នុងវិញ្ញាសារដើរបង្ហាញម៉ូដឈុតប្រពៃណីវៀតណាមផងដែរ។
បេក្ខភាពតំណាងប្រទេសកម្ពុជាយើងកញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកគាំទ្រនៃកម្មវិធីនេះ ទាំងជាតិ និងអន្តរជាតិផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះនៅក្នុងការប្រកួត លក្ខិណា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនៅពេល កញ្ញា បានច្នៃរំលេចរូបប្រាសាទអង្គវត្តរបស់ខ្មែរ នៅលើស្បែ រួចហើយត្រដាងបង្ហាញនៅពេលដើរបង្ហាញម៉ូដឈុតប្រពៃណីវៀតណាមនៅក្នុងវីញ្ញាសា Best of Exhibition នៅលើឆាកប្រកួត Miss Cosmo International។


សម្រាប់អ្នកដែលមិនជឿគិតថាជារឿងងប់ងល់ និងជារឿងចៃដន្យ តែសម្រាប់អ្នកដែលមានជំនឿ នាំគ្នាគិតថា ឈុតដែនដីនៃមន្តអាគម ដែល អ៊ិន លក្ខិណា ស្លៀកបង្ហាញនោះមានមន្តអាគម ព្រោះគ្រាន់តែគ្រងឈុត និងមានការអុជធូបភ្លាម បានជួយបញ្ចៀសមិនឱ្យមានភ្លៀងធ្លាក់ នៅទីតាំងប្រកួត រហូតដល់ជនជាតិវៀតណាមដែលមានជំនឿ បាននាំគ្នាយករឿងនេះទៅបង្ហោះនៅបណ្ដាញសង្គម និងមានការជជែកវែកញែកនៅក្នុងប្រទេសវៀតណាម ខ្លាំងផងដែរ។


សម្រាប់កញ្ញា អ៊ិន លក្ខិណា គឺជាបេក្ខភាពតំណាងកម្ពុជា នៅក្នុងកម្មវិធី Miss Cosmo International ដែលអ្នកគាំទ្របានដាក់ក្ដីសង្ឃឹមនិងរំពឹងខ្ពស់ចំពោះកញ្ញា ព្រោះកញ្ញាឯករបស់ខ្មែររូបនេះ មាន សមត្ថភាព រូបសម្រស់ ជាពិសេសគឺបុគ្គលិកលក្ខណៈ និងគុណសម្បត្តិគ្រប់គ្រាន់ ដែលកម្មវិធីកម្រិតអន្តរជាតិខាងលើនេះតម្រូវ ចង់បាន ដូច្នេះគេមានក្ដីរំពឹងខ្ពស់ថា កញ្ញា អ៊ិន លក្ខិណា មានឱកាសទម្លុះបើកទ្វារ Top សម្រាប់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ ប្រកួតសម្រស់ដ៏ធំមួយនេះ៕

