លោក Donald Trump ជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ថា លោកនឹងមិនឈរឈ្មោះប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិក ជាលើកទី៤ ជាប់ៗគ្នាទៀតនោះទេ ប្រសិនបើលោកចាញ់ការបោះឆ្នោត នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
នៅពេលសួរថា តើលោក នឹងចង់ឈរឈ្មោះប្រកួតប្រជែងសារជាថ្មីនៅ ៤ឆ្នាំក្រោយដែរឬទេ ប្រសិនបើលោក មិនទទួលបានជោគជ័យក្នុងការឈរឈ្មោះបោះឆ្នោតជាលើកទី៣ ដើម្បីដណ្ដើមកៅអីប្រធានាធិបតីសហរដ្ឋអាមេរិកជាថ្មី នៅខែវិច្ឆិកា ខាងមុខ? លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក វ័យ ៧៨ឆ្នាំរូបនេះ បានប្រាប់ថា «ទេ ខ្ញុំមិនធ្វើទេ ប៉ុន្ដែសង្ឃឹមថា យើងនឹងទទួលបានជោគជ័យ»។

លោក ត្រាំ ប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងមួយប្រឆាំងនឹងអនុប្រធានាធិបតីអាមេរិក មកពីខាងគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ជាមួយនឹងការស្ទង់មតិក្នុងរដ្ឋសមរភូមិសំខាន់ៗនៅសហរដ្ឋអាមេរិក។

សូមជម្រាបថា លទ្ធផលស្ទង់មតិកាលពីពេលថ្មីៗនេះ បានបង្ហាញថាលោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស បេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ កំពុងមានពិន្ទុប្រកៀកប្រកិតគ្នា នៅតាមរដ្ឋសំខាន់ៗមួយចំនួនដែលអាចនឹងកំណត់ថា តើនរណានឹងទទួលបានជ័យជម្នះ៕

