សិល្បៈជាតិ៖ លោក Peypey Dy ចាត់ទុកបុគ្គលល្បីឈ្មោះ Allan ដែលជាអ្នកផ្សព្វផ្សាយផលិតផលនៅលើអនឡាញន៍ម្នាក់រិះគន់ចំពោះភាពយន្ត «ជើងមេឃពណ៌ស្វាយ» មិនខុសអីពីការវាយប្រហារបំបាក់ទឹកចិត្តផលិតករនោះឡើយ។ លោកទំនងជាចោទទៅ Allan ត្រង់ៗថា ហេតុអ្វីពេលផ្សព្វផ្សាយផលិតផលនិយាយតែចំណុចល្អ ចុះត្រង់និយាយដល់រឿងខ្មែរហេតុអ្វីឆ្កឹះតែចំណុចខ្វះខាតតិចតួចមកវាយប្រហារ?


ដូចបានដឹងមកហើយ «ជើងមេឃពណ៌ស្វាយ» ជាភាពយន្តភាគបន្តទី ២ នៃខ្សែភាពយន្តរឿង «ប្រវត្តិស្នេហ៍នាងនាថ» ដែលកន្លងមកធ្លាប់ត្រូវបានការលើកសរសើរពីសំណាក់អ្នកទស្សនានៅរោងភាពយន្តផ្ទាល់ ដោយពួកគេភាគច្រើនលើកនិយាយពីគុណភាពនៃការផលិតរបស់ផលិតកម្ម LD និងហ៊ានការចំណាយទុនច្រើន។
យ៉ាងណាមិញ ភាពយន្តមួយនេះ នៅតែរងការរិះគន់ពីបុគ្គលល្បីតែម្នាក់ដែលហ៊ានចេញមុខនិយាយវាយប្រហារមិនសំចៃសម្ដី។ មតិមិនពេញចិត្តពីចំណុចខ្វះខាតរបស់បុគ្គលល្បីឈ្មោះ Allan ក៏បានធ្វើឱ្យមជ្ឍដ្ឋានអ្នកសិល្បៈមិនពេញចិត្តជាខ្លាំង ជាពិសេសលោក Peypey Dy ដែលជាផលិតករភាពយន្តម្នាក់បានចាត់ទុកសម្ដីរិះគន់នោះគឺ មិនខុសអីពីការវាយប្រហារបំបាក់ទឹកចិត្តផលិតករនោះឡើយ។
ក្រោយបានទស្សនាភាពយន្ត «ជើងមេឃពណ៌ស្វាយ» ចប់ហើយនោះ បុគ្គលល្បី Allan បានរិះគន់ចំៗចំពោះភាពយន្ត «ជើងមេឃពណ៌ស្វាយ» ដោយរៀបរាប់ពីចំណុចខ្វះខាតមួយចំនួនដែរថា ៖
-Neath’s Love Story 2 ខ្ញុំទើបតែមើលរឿងនាងនាថវគ្គ 2 រួច។ បើនិយាយពីសាច់រឿងលើកនេះគឺចាញ់រឿងវគ្គមួយទៅទៀត ។ អ្វីៗដែលតួអង្គទាំងអស់បានធ្វើគឺគ្មានប៉ះពាល់អីដល់សាច់រឿងទាំងមូលទេ(nothing effects the plot) feel boring haft of the time. ហើយខ្ញុំនឹងបកស្រាយពីមូលហេតុ, ហេតុអ្វីក៏ខ្ញុំនិយាយបែបនេះនៅក្នុងវីដេអូខាងមុខ។ ខ្ញុំមិនទាន់ចេញវីដេអូឥឡូវនេះទេ, ពីព្រោះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅមើលរឿងនេះសិន។ ដើម្បីពេលមើលវីដេអូខ្ញុំទៅ, នឹងយល់ថាខ្ញុំចង់និយាយពីអ្វី។ វីដេអូខ្ញុំនឹងចេញនៅក្នុងសប្តាហ៍ក្រោយ ។ នេះជា (list)ដែលខ្ញុំនឹងនិយាយនៅវីដេអូខាងមុខ។ – Storyline ( Poor writing ) – Character development – Technical issue – Character arc ( first act, second act, third act) ។
គួររំលឹកដែរថា នេះគឺជាលើកទី ២ ហើយដែលបុគ្គលល្បីឈ្មោះ Allan ដែលមានអ្នកតាមដានច្រើន ហ៊ានចេញមុខឆ្កឹះតែចំណុចខ្វះខាតតិចតួចនៃភាពយន្ត«ប្រវត្តិស្នេហ៍នាងនាថ» មករិះគន់ ដោយប្រកាសថាខ្លួននឹងធ្វើវីដេអូរិះគន់នាពេលឆាប់ៗនេះទៀតផង។ ករណីនេះមានអ្នកលេងបណ្ដាញសង្គមច្រើនណាស់បានលើកជាសំនួរថា តើលោក Allan ចេញមករះគន់ក្នុងន័យស្ថាបនា ឬប្រើប្រាស់អារម្មណ៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ? មានអ្នកខ្លះសួរបកវិញថា តើកម្រិតនៃការយល់ដឹងពីភាពយន្តរបស់លោកមានកម្រិតណា? ឬក៏គ្រាន់តែចង់បង្កើត Content ដើម្បីទាក់ទាញអ្នកមើល?
តបបញ្ហារិះគន់នេះវិញ លោក Peypey Dy បានឆ្លើយតបយ៉ាងដូច្នោះ៖ « …សុំនិយាយការពិតមួយចុះ ពេល Bro ស៊ីឈ្នួល Promote ផលិតផលឱ្យគេ Bro ខំលើកមកអស់ហើយពីអីដែលរបស់នោះមាន តែអត់មាននិយាយពីចំនុចខ្វះខាតឬអីដែលមិនល្អទេ គឺកប់ចោលអត់ស្រណោះ ។ តែមើលកុនប្រូខំណាស់យកចំនុចខ្វះខាតឬស្ទើរមកវែកញែក តែភាពលេចធ្លោដែលគេធ្វើបាន អត់និយាយ។ ខ្ញុំមិនមែនអ្នកជំនាញខាងកុនទេ តែតាមធ្លាប់មើលបានខ្លះកន្លង រឿងរបស់ LD ចាត់ទុកថាអាចទួលយកបានហើយ ទាំងខ្មោច ទាំងកំប្លែង… អាចថាបើប្រៀបធៀបផលិតកម្មផ្សេងគឺប្រសើរនិងល្អជាងច្រើន តែយ៉ាងណាចំនុចខ្វះខាតឬស្ទើរនៅតែមានខ្ញុំមិនថាអត់ទេ តែក៏គ្រាន់ជាជាងលើកតែជ្រុងម្ខាងមកនិយាយដែរ ធ្វើបែបហ្នឹងមិនខុសអីពីការវាយប្រហារគេទេ …។»
ភ្ជាប់ជាមួយការលើកឡើងរបស់លោក Peypey Dy គេសង្កេតឃើញមានមហាជនជាច្រើននាក់បានបញ្ចេញមតិគាំទ្រ និងសាទរពេញចិត្តចំពោះសម្ដីរបស់លោកដែលចេញមកវិភាគក្នុងនាមជាផលិតករភាពយន្តម្នាក់ផងដែរ។ សូមជម្រាបថា លោក Peypey Dy ក៏មានភាពយន្តមួយរឿងត្រៀមបញ្ចាំងនៅរោងភាពយន្តនាពេលខាងមុខនេះ ដែលមានចំណងជើងថា «ភូមិគ្រឹះអាគម» ដែលជាភាពយន្តបែបភ័យរន្ធត់លួសព្រលឹង៕

