ទោះបី​កម្ពុជា​សម្រេច​បញ្ចប់​ការ​ចូលរួម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក្ដី ក៏​ផែនការ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​រួម​មាន ដំណើរ​ទស្សនកិច្ច​នៅ​តាម​បណ្ដោយ​ព្រំដែន ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្ដោត​លើ​ផ្លូវ​ក្រវាត់​ព្រំដែន និង​ផែនការ​អភិវឌ្ឍ​នៅ​ខេត្ត​នៅ​ភូមិភាគ​ឦសាន​របស់​កម្ពុជា​នៅ​តែ​បន្ត​អនុវត្តិ​ដដែល​។ នេះ​ជា​ការ​បញ្ជាក់​តាម​សារ​ជា​សំឡេង របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ​។

សម្ដេច​ធិបតី​គូស​បញ្ជាក់​ថា ទោះបី​ជា​មាន ឬ​មិន​មាន​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​អភិវឌ្ឍ​ខេត្ត​នៅ​តំបន់​ភូមិភាគ​ឦសាន​នៃ​ប្រទេស​របស់​ខ្លួន ក៏​ដូចជា ធានា​នូវ​ការ​ការពារ​ទឹកដី និង​អធិបតេយ្យ របស់​ប្រទេស​កម្ពុជា ព្រោះ​នេះ​ជា​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​លើស​លប់ ជា​ពិសេស​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ភូមិភាគ​ឦសាន​ផ្ទាល់​តែ​ម្ដង​។ ដូច្នេះ​ផែនការ​អភិវឌ្ឍ​នៅ​ភូមិភាគ​ឦសាន​នៅ​តែ​បន្ត​ដដែល មិន​មាន​ការ​ប្រែប្រួល​ទេ រួម​ទាំង​កិច្ចការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​ជិតខាង ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់ និង​ការ​ដាក់​ចេញ​នូវ​កញ្ចប់​លើក​ទឹក​ចិត្ត និង​ជំរុញ​ការ​វិនិយោគ​នៅ​ក្នុង​ខេត្ត​ភូមិភាគ​ឦសាន​ឆ្នាំ ២០២៥ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​កន្លង​ទៅ នៅ​រក្សា​ដដែល​។

សម្ដេច​នាយករដ្ឋមន្ត្រី ក៏​ឆ្លៀត​រំលេច​ពី​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដោយ​គិត​មក​ទល់​ថ្ងៃ​ទី ២៣ កញ្ញា​នេះ មាន​អ្នក​បរិច្ចាគ​ជាង ៧០០ ០០០ នាក់ និង​ចំនួន​ថវិកា​មាន​ប្រមាណ​ជាង ២១ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ វិភាគទាន​ស្ម័គ្រចិត្ត​ទាំងនេះ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន​ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​។

ជុំវិញ​នឹង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន សម្ដេច​ធិបតី​បញ្ជាក់​បន្ថែម​ថា ដោយ​សង្កេត​ឃើញ​ថា ចលនា​នៃ​ការ​បរិច្ចាគ​នៅ​តែ​បន្ត​ជា​ហូរហែរ ក្រុម​ការងារ​មូលនិធិ នៅ​តែ​បន្ត​ទទួល​យក​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៤ នៅ​ពេល​បិទ​បញ្ចប់​ក្រុម​ការងារ​មូលនិធិ នឹង​ជម្រាប​ជូន​នូវ​ដំណឹង​ទិន្នន័យ​ចុងក្រោយ រួម​ជា​មួយ​នឹង​ផែនការ​ក្នុង​ការ​ប្រើប្រាស់​ថវិកា​ទាំង​អស់​នេះ ប្រកប​ដោយ​តម្លាភាព និង​គណនេយ្យ​ភាព​។ ដោយឡែក​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ព្រំដែន​ក្នុង​ថ្ងៃ​ចុង​សប្ដាហ៍​នៅ​តែ​បន្ត​រហូត​ដល់​ចុង​ឆ្នាំ ២០២៤ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ឱកាស​ទស្សនា​ការអភិវឌ្ឍ​ជាក់​ស្ដែង​នៅ​តាម​បណ្ដោយ​ព្រំដែន​របស់​ប្រទេស​កម្ពុជា​។

សូម​រំលឹក​ថា តាម​រយៈ​សារ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០២៤នេះ បញ្ជាក់​ថា កម្ពុជា​សម្រេច​បញ្ចប់​ការ​ចូលរួម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​ប្រទេស​វៀតណាម និង ប្រទេស​ឡាវ រួច​ហើយ​ដែរ។

ការ​ដក​ខ្លួន​នេះ ធ្វើឡើង​ដោយ​គិតគូរ​ពី​កង្វល់​របស់​ប្រជាជន​លើ​បញ្ហា​ទឹកដី និង​ភាព​ចាំបាច់​ខាង​នយោបាយ ដើម្បី “ដក​អាវុធ​ចេញ​ពី​ដៃ​ពួក​ជ្រុល​និយម” កុំ​ឲ្យ​មាន​លទ្ធភាព​ប្រើប្រាស់ CLV-DTA បោកប្រាស់​ប្រជាជន​កម្ពុជា​ត​ទៅ​ទៀត បន្ទាប់​ពី​ពួក​នេះ​បរាជ័យ​ទាំងស្រុង​ក្នុង​ផែនការ​ថ្ងៃ​ទី ១៨ សីហា៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.