កូឡុំបូ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីឆ្វេងនិយមរបស់ប្រទេសស្រីលង្កា បានស្បថចូលកាន់តំណែងនៅថ្ងៃចន្ទ សប្ដាហ៍នេះ បន្ទាប់ពីបានផ្ទុះកំហឹងពីសាធារណៈជន ជុំវិញវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមករបស់ប្រទេសដែនកោះមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

លោក Anura Kumara Dissanayaka វ័យ ៥៥ឆ្នាំ មកពីគណបក្ស រណសិរ្សរំដោះប្រជាជន (JVP) ត្រូវបានប្រកាសពីជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន ដោយទទួលបានជិត ១.៣លានសំឡេងច្រើនជាងគូប្រជែងដែលមានសំឡេងប្រកៀកប្រកិតជាមួយរូបលោក។


ថ្លែងបន្ទាប់ពីពិធីសច្ចាប្រណិធាននៅទីក្រុង Columbo លោក Dissanayake បាននិយាយថា «លោកនឹងយល់ពីកិច្ចការដ៏ស្មុគស្មាញនៅខាងមុខ ហើយនឹងធ្វើការដើម្បីបំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាជន»។ លោកបានបន្ថែមថា៖ «ខ្ញុំនឹងធ្វើការដើម្បីបំផុសទំនុកចិត្តរបស់ប្រជាជនដែលមិនបានបោះឆ្នោតឱ្យខ្ញុំ»។

លោក Dissanayake បានអះអាងថា «ជ័យជម្នះនេះ ជារបស់យើងទាំងអស់គ្នា។ កែវភ្នែករាប់លានគូ ដែលពោរពេញដោយក្ដីសង្ឃឹម និងការរំពឹងទុក ជំរុញឱ្យយើងឆ្ពោះទៅមុខ ហើយរួមគ្នាត្រៀមខ្លួនដើម្បីសរសេរប្រវត្តិសាស្រ្តរបស់ស្រីលង្កាឡើងវិញ»។
សូមជម្រាបថា លោក Dissanayake បានផ្តួលប្រធានាធិបតី ដែលកំពុងកាន់អំណាច លោក Ranil Wickremesinghe ដែលត្រូវបានតែងតាំងដោយសភាឱ្យឡើងកាន់តំណែងជាប្រធានាធិបតីក្នុងអំឡុងពេលនៃការដួលរលំសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា កាលពីឆ្នាំ២០២២ ហើយបានដាក់គោលនយោបាយដ៏តឹងរ៉ឹង៕

