កំពង់ចាម៖ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងរដ្ឋបាលខេត្តកំពង់ចាមបានជួយសង្គ្រោះច្រាំងមាត់ទន្លេប្រវែង៦២ម៉ែត្រ មាត់អូរប្រវែង៥២ម៉ែត្រ ដើម្បីបញ្ជៀសផ្ទះពលរដ្ឋចំនួន ២៣០ខ្នងផ្ទះ ពីការបាក់ច្រាំងនារដូវទឹកតម្លើងនេះ ។

ស្ថិតនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិនខេត្តកំពង់ចាម ដោយទទួលបានលទ្ធផលជោគជ័យ ។ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានបញ្ជាក់ឲ្យដឹងថា ក្នុងភារកិច្ចនេះ រដ្ឋបាលខេត្តបានប្រើកំលាំងសរុប ជិត១៥០នាក់ ដើម្បីចុះច្រកបាវខ្សាច់ទប់ច្រាំងទន្លេដែលបានបាក់ស្រុតប្រវែង ៦២ម៉ែត្រ ក្នុងនោះ ទប់បាវខ្សាច់ចំមាត់អូរចាស់ប្រវែង ៥២ម៉ែត្រ (ប្រឈមខ្លាំង) ក្រោយផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង ប្រវែង ១០ម៉ែត្រផងដែរ ។

លោកអភិបាលរងបានបញ្ជាក់ទៀតថា ជាលទ្ធផល កម្លាំងបានប្រើប្រាស់បាវខ្សាច់ចំនួន ២.០០០បាវ និងឡានដឹកខ្សាច់ចំនួន ២២ទ្បាន ស្មើនឹង ១៣២ ម៉្រែតគីប។ ជាក់ស្តែងបានប្រើប្រាស់បាវច្រកខ្សាច់ចំនួន ១.០០០បាវរួចហើយ ។ និងជួយសង្គ្រោះផ្ទះប្រជាពលរដ្ឋចំនួន ២៣០ខ្នងផ្ទះ សាលារៀន វត្តអារាម និងមន្ទីរពេទ្យបានទាន់ពេលវេលា ក្នុងដំណាក់កាលនេះ ៕


អត្ថបទ៖អាចារ្យលាក់

