ភ្នំពេញ៖ កាលពីថ្ងៃ២២ ខែកញ្ញាឆ្នាំ២០២៤ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបញ្ជូនខ្លួននគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍(នៃនាយកដ្ឋានវិនិយោគ) ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកលុយ ១៧០០០ដុល្លារ រឿងរត់ការធ្វើទិដ្ឋាការ(VISA)។
ជនសង្ស័យឈ្មោះ សេក ប៊ុនអិច ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍(នៃនាយកដ្ឋានវិនិយោគ) កាន់លិខិតឆ្លងដែន N០២៣១៣៦៧៣ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ១៧២៧ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការចាប់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យ ឈ្មោះ សេក ប៊ុនអិច ចូលបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ ឆបោក តាមពាក្យបណ្តឹងមេធាវី ពួយ ម៉េងហ៊ុយ តំណាងឲ្យឈ្មោះ ឌឿន ស៊ូវីនា ភេទស្រីកើតឆ្នាំ១៩៩៧ ជនជាតិខ្មែរ ប្រព្រឹត្តកាលពីថ្ងទី០៩ ខែមិថុនាឆ្នាំ២០២៣។
អង្គហេតុនាំឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ សេក ប៊ុនអិច ជនសង្ស័យបានប្រាប់ជនរងគ្រោះថា ខ្លួនស្គាល់នគរបាលជាន់ខ្ពស់ច្រើន អាចជួយរត់ការធ្វើទិដ្ឋាការ (VISA)បាន ដោយជនសង្ស័យទាមទារប្រាក់ពីជនរងគ្រោះ១៧០០០ដុល្លារ ដោយត្រូវការពេលវេលាត្រឹមតែ២០ថ្ងៃប៉ុណ្ណោះ។

ក្រោយពីបុគ្គលនេះទទួលប្រាក់ពីជនរងគ្រោះរួចមក គឺបុគ្គលរូបនោះមិនបានយកប្រាក់នោះដើម្បីធ្វើការដូចដែលខ្លួនអះអាងជាមួយជនរងគ្រោះនោះទេ ដល់ពេលកំណត់ដែលបុគ្គលនោះបានសន្យាគឺពុំបានលទ្ធផលទេ បន្ទាប់មកជនរងគ្រោះក៏បានព្យាយាមទាក់ទងទៅបុគ្គលរូបនោះ តែបុគ្គលរូបនោះរកមូលហេតុភូតកុហកជាច្រើនលើកច្រើនសារ ហើយបុគ្គលរូបនោះបានសងប្រាក់ចំនួន២៥០០ដុល្លារ ចំណែកប្រាក់នៅសល់ចំនួន១៤៥០០ដុល្លារទៀត មិនប្រគល់មកឲ្យជនរងគ្រោះទេ ទើបជនរងគ្រោះសម្រេចចិត្តប្តឹង៕
អត្ថបទ៖ ចតុម្មុខ

