ត្បូងឃ្មុំ៖ ទឹកនៅបន្តឡើង អាជ្ញាធរស្រុកត្បូងឃ្មុំបានត្រៀមលក្ខណៈរកទីទួលសុវត្ថិភាពចំនួន៤ រួចជាស្រេច ដើម្បីជម្លៀសពលរដ្ឋទាំងពីរឃុំចេញពីតំបន់រងផលប៉ះពាល់ពីទឹកជំនន់ មានឃុំជីរោទិ៍ទី១ និងឃុំទន្លេបិទ ដោយគិតមកត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ពលរដ្ឋបានមកកាន់ទីទួលសុវត្ថិភាព មានចំនួន ២៥២គ្រួសារហើយ ព្រមទាំងមានសត្វ គោ ក្របី សេះ និងពពែ យ៉ាងច្រើនផងដែរ ។

លោក សេង សុខខឿន អភិបាល នៃគណៈអភិបាលស្រុកត្បូងឃ្មុំបានបញ្ជាក់ឲ្យដឹងថា ខណៈទឹកនៅបន្តឡើង អាជ្ញាធរបានជម្លៀស ពលរដ្ឋចេញពីភូមិទាំង១៩ ក្នុងឃុំជីរោទ៍ទី១ និងឃុំទន្លេបិទ ក្នុងគ្រាជម្លៀសនេះ សរុបចំនួន ២៥២គ្រួសារ គោចំនួន ៤១៥ក្បាល ក្របីចំនួន ២០២ក្បាល សេះចំនួន ៤ក្បាល ពពែចំនួន ៦៩៩ក្បាល ក្នុងនោះ បានមកស្នាក់នៅបណ្តោះអាសន្នលើទីទួលចំនួន៤ រួមមាន.៖

១.ទួលសុវត្ថិភាពភូមិទួលវិហារ ២-ទួលសុវត្ថិភាពដីឧកញ៉ា អាន ម៉ាឌី ៣-ទួលសុវត្ថិភាពដីឧកញ៉ា ថៃ និងទី ៤.ទួលសុវត្ថិភាពគល់ស្ពានភូមិទួលខ្សាច់ ។ រដ្ឋបាលបានណែនាំដល់ពលរដ្ឋទាំងអស់ឲ្យប្រយ័ត្នប្រយែង ត្រូវហូបទឹកស្អាត ត្រូវពិនិត្យកន្លែងស្នាក់នៅការពារសត្វល្អិត កុំឲ្យកុមារតូចចុះលែងទឹក នោះទើបយើងទទួលបាននូវសុវត្ថិភាពទាំងអស់គ្នា ។

សូមបញ្ជាក់ថា កម្ពស់ទឹកនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤ មានកម្ពស់ ១៣,៧៦ម៉ែត្រ ហើយកម្ពស់ទឹកប្រកាសអាសន្ន ១៥,២០ម៉ែត្រ ៕

អត្ថបទ៖អាចារ្យលាក់

