បន្ទាយមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនចំនួន៩នាក់និងរឹបអូសគ្រឿងញៀនចំនួន១៣៨ថង់តូចត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។

លោកវរសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលផ្នែកគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនគឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដែលដឹកនាំដោយលោកផ្ទាល់បានបង្ក្រាប៣គោលដៅដោយឡែកគ្នាឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ និងរឹបអូសគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន១៣៨ថង់តូច និងគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន៥៨គ្រាប់ និងសម្ភារៈប្រើប្រាស់មួយចំនួនដែលបង្ក្រាបរយៈពេល២ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី២០ដល់២១ ខែកញ្ញា ឆ្នាំ២០២៤ក្នុងភូមិសាស្ត្រចំនួន៣សង្កាត់មានសង្កាត់អូរជ្រៅនិងសង្កាត់ផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ជាការណែនាំនិងដាក់វិធានពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃជាប់គ្នាក្នុងភូមិសាស្ត្រសង្កាត់ចំនួន៣នៅក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀនចំនួន១៣៨ថង់តូច និងសម្ភារៈត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមច្បាប់៕

អត្ថបទ៖ ប៉ោយប៉ែត

