បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន ពន្យល់ពីកម្ពុជាដកខ្លួនចេញពីគម្រោង CLV-DTA ដល់អាជ្ញាធរ កងកម្លាំង សមត្ថកិច្ច មន្ត្រីរាជការ យុវជន សិស្សានុសិស្សប្រជាពលរដ្ឋ ប្រមាណជាង៤០០នាក់ ត្រូវបានធ្វើឡើងព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការដែលផ្តួចផ្តើមដោយកម្ពុជានេះត្រូវបានអនុវត្តអស់រយៈពេល២៥ឆ្នាំ។ ការដកខ្លួនចេញពីគម្រោងនេះ គឺដើម្បី«ដកអាវុធចេញពីដៃពួកជ្រុលនិយម»កុំឱ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។

ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់បន្ថែមថា៖ ចម្ងល់របស់ប្រជាពលរដ្ឋមួយចំនួន ដែលព្រួយបារម្ភខ្លាចរាជរដ្ឋាភិបាលឈប់អភិវឌ្ឍន៍បណ្តាខេត្តភូមិភាគឦសាន ក្រោយកម្ពុជាប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នោះ ឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនថន បានពាំនាំនូវសារសម្លេង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ថា ទោះមាន ឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាន ក៏ដូចជាការធានានូវការការពារទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ត្បិតថា នេះគឺជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់ ជាពិសេសអ្នកដែលរស់នៅខេត្តភូមិភាគឦសានផ្ទាល់។


  ឯកឧត្តបណ្ឌិតប៉ាន់ខែម ប៊ុនថនបញ្ជាក់ថា៖ គិតមកទល់ពេលនេះមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនមានអ្នកចូលរួមបរិច្ចាគជាង៧០ម៉ឺននាក់ហើយ ជាមួយទំហំទឹកប្រាក់ប្រមាណ២១លានដុល្លារអាម៉េរិក។ ថវិកាទាំងនេះរាជរដ្ឋាភិបាលនឹងយកទៅប្រើប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន៕

អត្ថបទ៖ ប៉ោយប៉ែត

Share.