ភ្នំពេញ៖ កំណាត់ផ្លូវបេតុងតាមបណ្ដោយភ្លឺប្រឡាយស្ទឹងមានជ័យត្រូវបានបាក់ស្រុតរងការខូចខាតជិត២០០ម៉ែត្រ តែមិនបង្កផលប៉ះពាល់ដល់ផ្ទះនិងគ្រោះថ្នាក់ពលរដ្ឋនោះទេ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលបានកើតឡើងកាលវេលាម៉ោង១រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចខាងកើតស្ពានអាកាសស្ទឹងមានជ័យ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុការកាលពីម្សិលមិញបានឃើញផ្លូវបេតុងខាងលើមានការស្រុតប្រេះថ្នេរពីចិញ្ចើមផ្លូវបន្តិបន្ទួចផងដែរ តែមិននឹកស្មានថាបាក់ស្រុតនោះទេ លុះដល់វេលាម៉ោងប្រហែលជា១២ជាងស្រាប់តែលឺសម្លេងដាច់សរសៃដែកសូរប្រិបៗមានការងឿងឆ្ងល់នាំគ្នាចេញពីក្នុងមកមើលក៏ស្រាប់តែឃើញផ្លូវបេតុងបាក់ស្រុតចុះទៅក្រោមស្រិបតែម្ដង ភ័យឆោឡោនាំគ្នារត់ចេញក្រៅ។

តាមប្រជាពលរដ្ឋបានបញ្ជាក់ថា ការបាក់ស្រុតផ្លូវបេតុងខាងលើនេះគឺដោយសារទឹកប្រឡាយហូរច្រោះដីខាងក្រោមយូរៗទៅធ្វើឲ្យមានប្រហោងខាងក្រោមបណ្ដាលឲ្យបាក់ផ្លូវបេតុងនេះតែម្ដង។
ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការបិតផ្លូវ ជួយសម្រួលចរាចរណ៍ សហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យផ្លូវបេតុងដែលបាក់ស្រុតខាងលើរួចរាយការណ៍ទៅជំនាញពាក់ព័ន្ធដើម្បីចុះមកពិនិត្យនិងដាក់គ្រឿងចក្រធ្វើការជួសជុលស្ថាបនាផ្លូវខាងលើអោយបានល្អស្អាតបានពលរដ្ឋប្រើប្រាស់ឡើងវិញ។

បញ្ជាក់ផងដែរថា ផ្លូវបេតុងភ្លឺប្រឡាយខាងលើគឺជាផ្លូវដែលមានចរាចរណ៍មមាញឹក ហើយក៏ជាផ្លូវសំខាន់មួយរំដោះកាកកស្ទះចរាចរណ៍ចេញពីផ្លូវ២១៧ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យនិងផ្លូវ២៧១៕
អត្ថបទ៖ សេង សាវី

