យោងតាមការដកស្រង់នៃបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន ABC News ចេញផ្សាយនៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា «ប្រទេសរបស់លោកកាន់តែខិតជិតដល់ទីបញ្ចប់នៃសង្រ្គាម ជាមួយប្រទេសរុស្ស៊ី»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

ប្រសាសន៍របស់លោក ហ្សេលេនស្គី ត្រូវបានគេដកស្រង់សម្ដីថា ៖ «ខ្ញុំគិតថា យើងនៅក្បែរសន្តិភាព ជាងអ្វីដែលយើងគិតទៅទៀត។ យើងកាន់តែខិតជិតដល់ទីបញ្ចប់នៃសង្គ្រាមហើយ»។ យ៉ាងណាម៉ិញ ក្នុងបទសម្ភាសន៍នោះ លោក ហ្សេលេនស្គី បានជំរុញឱ្យក្រុងវ៉ាស៊ីនតោន និងដៃគូផ្សេងទៀតបន្តគាំទ្រអ៊ុយក្រែនផងដែរ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា មានតែ «ជំហររឹងមាំ» ប៉ុណ្ណោះ ដែលអ៊ុយក្រែនអាចជំរុញឱ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន «បញ្ឈប់សង្គ្រាម»។

លោក ហ្សេលេនស្គី បានមកដល់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម័យប្រជុំនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ហើយបានជំរុញដៃគូរបស់លោក ជួយសម្រេចបាននូវ «ជ័យជំនះរួមគ្នាសម្រាប់សន្តិភាពពិតប្រាកដ»។
ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានផ្តល់កម្មវិធីផ្ដល់ជំនួយរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី បានចាប់ផ្តើម ខណៈបណ្ដាប្រទេសជាសម្ព័ន្ធមិត្តអ៊ុយក្រែន បានដាក់ទណ្ឌកម្មជាច្រើនជុំវិញការប្រឆាំងនឹងទីក្រុងមូស្គូ។

យ៉ាងណាក៏ដោយ លោក ពូទីន និយាយថា កិច្ចចរចាសន្តិភាពអាចចាប់ផ្តើមបានលុះត្រាតែទីក្រុង Kyiv បោះបង់ចោលតំបន់ភាគខាងកើត និងភាគខាងត្បូងរបស់អ៊ុយក្រែនទៅឱ្យរុស្ស៊ី ហើយទម្លាក់មហិច្ឆតាចូលជាសមាជិកភាពរបស់ណាតូ។

សូមជម្រាបថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ជាអ្វីដែលទីក្រុងម៉ូស្គូ ហៅថា «ប្រតិបត្តិការពិសេស» បានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់បានស្លាប់ ហើយកើនដល់រាប់លាននាក់បន្ថែមទៀត រួមទាំងបំផ្លិចបំផ្លាញទីក្រុងនានារបស់អ៊ុយក្រែន៕

