ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ កាលេពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើដំណើរយ៉ាងបន្ទាន់ ចេញពីខេត្តខេត្តមណ្ឌលគីរី ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាព នៃការបាក់កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងតែម្តង ដើម្បីស្វែងរកមូលហេតុ ឈានទៅរកការទប់ស្កាត់ កុំឲ្យបាក់បន្ត និងការបញ្ជៀសនូវហានិភ័យផ្សេងៗ ចំពោះប្រជាពលរដ្ឋអ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅតំបន់នេះ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ខណៈលោក ឃួង ស្រេង ចុះពិនិត្យ លោកក៏បានណែនាំមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងជំនាញ ដាក់ប៉ារ៉ាសបិទផ្លូវ ធ្វើការបុកស៊ីផាយ ជាបន្ទាន់ជាមួយនិងការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះឡើងវិញ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា កំណាត់ផ្លូវបេតុងដែលបាក់ស្រុតនេះមាន (ប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ) ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំពោះមូលហេតុនៃការបាក់ស្រុតផ្លូវនេះដោយសារភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បណ្ដាលឲ្យទឹកហូរច្រោះដីខាងក្រោមផ្លូវ និងបានធ្វើឲ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង ទើបមានការបាក់ស្រុតបែបនេះតែម្តង។

គួរំលឹកដែរថា កាលវេលាម៉ោង១រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចខាងកើតស្ពានអាកាសស្ទឹងមានជ័យ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ កំណាត់ផ្លូវបេតុងតាមបណ្ដោយភ្លឺប្រឡាយស្ទឹងមានជ័យត្រូវបានបាក់ស្រុតរងការខូចខាត តែមិនបង្កផលប៉ះពាល់ដល់ផ្ទះនិងគ្រោះថ្នាក់ពលរដ្ឋនោះទេ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុការកាលពីម្សិលមិញបានឃើញផ្លូវបេតុងខាងលើមានការស្រុតប្រេះថ្នេរពីចិញ្ចើមផ្លូវបន្តិបន្ទួចផងដែរ តែមិននឹកស្មានថាបាក់ស្រុតនោះទេ លុះដល់វេលាម៉ោងប្រហែលជា១២ជាងស្រាប់តែលឺសម្លេងដាច់សរសៃដែកសូរប្រិបៗមានការងឿងឆ្ងល់នាំគ្នាចេញពីក្នុងមកមើលក៏ស្រាប់តែឃើញផ្លូវបេតុងបាក់ស្រុតចុះទៅក្រោមស្រិបតែម្ដង ភ័យឆោឡោនាំគ្នារត់ចេញក្រៅ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការបិតផ្លូវ ជួយសម្រួលចរាចរណ៍ សហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យផ្លូវបេតុងដែលបាក់ស្រុតខាងលើរួចរាយការណ៍ទៅជំនាញពាក់ព័ន្ធដើម្បីចុះមកពិនិត្យនិងដាក់គ្រឿងចក្រធ្វើការជួសជុលស្ថាបនាផ្លូវខាងលើអោយបានល្អស្អាតបានពលរដ្ឋប្រើប្រាស់ឡើងវិញ។

បញ្ជាក់ផងដែរថា ផ្លូវបេតុងភ្លឺប្រឡាយខាងលើគឺជាផ្លូវដែលមានចរាចរណ៍មមាញឹក ហើយក៏ជាផ្លូវសំខាន់មួយរំដោះកាកកស្ទះចរាចរណ៍ចេញពីផ្លូវ២១៧ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យនិងផ្លូវ២៧១៕
អត្ថបទ៖សង្គម

