តូក្យូ៖ ប្រជុំកោះ Izu ដែលនៅដាច់ស្រយាលរបស់ប្រទេសជប៉ុន ស្ថិតនៅភាគខាងត្បូងទីក្រុងតូក្យូ បានរងការវាយប្រហារដោយរលកយក្សស៊ូណាមិ កាលពីព្រឹកថ្ងៃអង្គារ នេះ បន្ទាប់ពីកើតមានគ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ ដោយមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា រលកយក្សស៊ូណាមិកម្ពស់ ៥០សង់ទីម៉ែត្រ ហើយបានទៅដល់កោះ Hachijo ដែលជាកោះមួយក្នុងចំណោមតំបន់ប្រជុំកោះ Izu ប្រហែល ៤០នាទីបន្ទាប់ពីការរញ្ជួយដី។

ទូរទស្សន៍ NHK បានរាយការណ៍ថា មិនមានការខូចខាតពីរលកយក្សស៊ូណាមិ ឬការរញ្ជួយដីត្រូវបានបញ្ជាក់នោះទេ។

ទីភ្នាក់ងារឧតុនិយមបានព្រមាន មិនកើតមានរលកយក្សស៊ូណាមិ ថា អ្នកស្រុកនៅប្រជុំកោះ Izu និងប្រជុំកោះ Ogasawara ត្រូវតែត្រៀមខ្លួនសម្រាប់រលកយក្សស៊ូណាមិ ដែលមានកម្ពស់រហូតដល់ ១ម៉ែត្រវាយប្រហារឆ្នេរសមុទ្ររបស់ប្រទេស។

ទីភ្នាក់ងារនេះបានបន្ថែមថា គ្មានការរញ្ជួយធំណាមួយត្រូវបានគេសង្កេតឃើញទេ ចាប់តាំងពីការរញ្ជួយដីបានកើតឡើងនៅក្រោមសមុទ្រនៅជិតកោះ Torishima ដែលមិនមានប្រជាជនរស់នៅ ហើយស្ថិតនៅចម្ងាយប្រហែល ៦០០គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងតូក្យូ។

យោងតាមរដ្ឋាភិបាលទីក្រុងតូក្យូ បានឱ្យដឹងថា ប្រជុំកោះ Izu រួមជាមួយនឹងប្រជុំកោះ Ogasawara មានមនុស្សរស់នៅសរុបប្រហែល ២៤,០០០នាក់ប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០២៣៕

ប្រភព៖ CNA

Share.