បាងកក៖ ព្រះមហាក្សត្រថៃបានឡាយព្រះហស្ដលើច្បាប់រៀបការភេទដូចគ្នា ជាផ្លូវការរបស់ Royal Gazette កាលពីនៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ដែលធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសក្នុងទ្វីបអាស៊ីទី៣ បន្ទាប់ពីប្រទេសនេប៉ាល់ និងកោះតៃវ៉ាន់ ដែលទទួលស្គាល់សមភាពអាពាហ៍ពិពាហ៍ភេទដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ព្រះបាទ Maha Vajiralongkorn បានផ្តល់ការយល់ព្រម និងឡាយព្រះហស្ដ ចំពោះច្បាប់ថ្មីដែលបានអនុម័តដោយសភាក្នុងខែមិថុនា កន្លងទៅ ដែលនឹងចូលជាធរមានក្នុងរយៈពេល ១២០ថ្ងៃបន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ដ ដែលមានន័យថា ពិធីមង្គលការភេទដូចគ្នាដំបូងគេ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅក្នុងខែមករា ឆ្នាំ២០២៥។


ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ថ្មីនេះ ប្រើពាក្យថា «អព្យាក្រឹតយេនឌ័រ» ជំនួសឱ្យពាក្យថា «បុរស ស្ត្រី ប្តី និង ភរិយា» ហើយថែមទាំងផ្តល់សិទ្ធិស្មុំកូន និងផ្ដល់កេរមរតកដល់គូស្នេហ៍ភេទដូចគ្នាផងដែរ។


ប្រទេសថៃ ត្រូវបានអន្តរជាតិស្គាល់ជាយូរមកហើយ សម្រាប់ការបើកចំហរទំនាក់ទំនង និងផ្ដល់សិទ្ធិចំពោះសហគមន៍ LGBTQ ហើយការស្ទង់មតិក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីការគាំទ្រជាសាធារណៈដ៏យ៉ាងពេញទំហឹង ចំពោះអាពាហ៍ពិពាហ៍ភេទដូចគ្នា ទោះជានៅមានអ្នកខ្លះនៅតែជំទាស់ក្ដី។

យ៉ាងណាម៉ិញ ប្រទេសជាង ៣០ប្រទេស ជុំវិញពិភពលោក បានយល់ព្រមឱ្យការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា ក្លាយជារឿងស្របច្បាប់ ដោយកាលពីឆ្នាំ២០០១ ប្រទេសហូឡង់ បានក្លាយជាប្រទេសដំបូងគេបង្អស់ដែលអនុញ្ញាតឱ្យប្រារព្ធពិធីមង្គលការសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា៕

