ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងនៅក្នុងខេត្ត Lamphun ភាគខាងជើងនៃប្រទេសថៃ បានសម្លាប់សត្វក្រពើប្រមាណជា ១០០ក្បាល ដោយសារក្ដីបារម្ភពីទឹកជំនន់ដែលអាចឱ្យក្រពើទាំងនោះរួចចេញពីទ្រុង បង្កគ្រោះថ្នាក់ដល់មនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yahoo News នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

បើតាមម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ លោក Natthapak Khumkad បាននិយាយថា លោកបានធ្វើការសម្រេចចិត្តដ៏លំបាកបំផុត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កការគំរាមកំហែងដល់កសិដ្ឋានចិញ្ចឹមក្រពើរបស់លោក ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក។

លោក Khumkad បានសរសេរនៅលើហ្វេសប៊ុក អមដោយរូបភាព និងវីដេអូ សត្វក្រពើដែលត្រូវសម្លាប់រួចថា «ថ្ងៃនេះ ខ្ញុំសម្រេចចិត្តយកសត្វក្រពើដែលធ្លាប់រស់នៅក្នុងកសិដ្ឋានជាមួយខ្ញុំចេញទៅ ដែលជាការសម្រេចចិត្តដ៏លំបាកបំផុតដែលត្រូវធ្វើក្នុងរយៈពេល ១៧ឆ្នាំមកនេះ។ កត្តាអាកាសធាតុ នៅឆ្នាំនេះហាក់បីដូចជាធ្ងន់ធ្ងរណាស់ ដូច្នេះ ខ្ញុំត្រូវតែធ្វើការសម្រេចចិត្តឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសគ្រោះមហន្ដរាយផ្សេងៗ»។ លោក បន្ថែមថា «ការពារប្រសើរជាងព្យាបាលនៅពេលក្រោយ»។

ការសម្រេចចិត្តសម្លាប់សត្វក្រពើទាំងនេះ បានធ្វើឱ្យកសិដ្ឋានរបស់លោក Natthapak Khumkad បាត់ចំណូលពីវិស័យទេសចរណ៍ និងខាតបង់ទឹកប្រាក់ប្រហែល ១.៤លានបាត (ស្មើនឹង ៤២,៩៤០ដុល្លារអាមេរិក)។

បច្ចុប្បន្ននេះ ខេត្តភាគខាងជើងប្រទេសថៃ កំពុងបន្ដតស៊ូទប់ទល់នឹងទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កឡើងដោយឥទ្ធិពលព្យុះទីហ្វុង Yagi ដោយផ្ទះសម្បែងក្នុងភូមិនានា បានជន់លិច និងកប់ក្នុងភក់។ គិតមកដល់ពេលនេះ គេប៉ាន់ប្រមាណថា មនុស្សជាង ៧៥០នាក់បានស្លាប់ដោយសារព្យុះនេះ បានបោកបក់ពាសពេញបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ជាលើកដំបូងនៅដើមខែកញ្ញា នេះ។

ចំនួនអ្នកស្លាប់ដែលត្រូវបានរាយការណ៍ថា មានចំនួនខ្ពស់បំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលយ៉ាងហោចណាស់មនុស្ស ៣០០នាក់បានស្លាប់ និង ១០០នាក់បានរងរបួស ទោះបីជាចំនួនពិតប្រាកដក្នុងប្រទេសនេះអាចមានចំនួនខ្ពស់ជាងមុនក៏ដោយ។

យោងតាមរបាយការណ៍ពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅដើមសប្តាហ៍នេះ មនុស្សប្រហែល ៨៨៧.០០០នាក់បានរងផលប៉ះពាល់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារព្យុះដ៏កំណាចនេះ៕

ប្រភព៖ Yahoo News

Share.