សិល្បៈជាតិ៖ ទីបំផុតនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ អ្នកផ្សព្វផ្សាយផលិតផលនៅអនឡាញន៍ឈ្មោះ Allan បានទទួលយកសំណើរ ៨ ម៉ឺនដុល្លារពីអ្នកវិនិយោគដើម្បីផលិតភាពយន្តបែបវិទ្យាសាស្ត្រដែលថតនៅ ភ្នំពេញ សៀមរាប និងទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលគម្រោងធំនេះលោកបានបញ្ជាក់ថាមិនមែនជាការស្នើសុំនោះទេ ប៉ុន្តែជាការឆ្លើយតបទៅអ្នកវិនិយោគលើវិស័យភាពយន្តខ្មែរ។ យ៉ាងណាមិញ មហាជននិងអ្នកជំនាញកុន កំពុងចាំអ៊ុតមើលថា តើ Allan អាចផលិតភាពយន្តខ្នាតធំក្នុងទំហំទឹកប្រាក់ ៨ ម៉ឺនដុល្លាន់កើតទេ ឬបានគ្រាន់តែខ្តតមួយប្រ៉ាវឱ្យល្បីផេករបស់ខ្លួន។

ក្នុងនោះសារ Allan បានបង្ហោះរៀបរាប់ថា ៖ «ពេលខ្ញុំអាន comment នេះហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់។ ខ្ញុំសូមគោរពលោកពូ Sokhorn Oeun បើលោកពូហ៊ាននិយាយបែបនេះហើយ លោកពូត្រូវតែហ៊ានធ្វើ (ក្នុងនាមជាកូនប្រុសម្នាក់) ខ្ញុំក៏ជាកូនប្រុសម្នាក់ដែរ ខ្ញុំហ៊ានចេញមុខរិះគន់រឿងដែលខ្ញុំមិនចូលចិត្តហើយខ្ញុំក៏ហ៊ានទទួលយកមតិអវិជ្ជមានពីមហាជនមកខ្ញុំវិញដែរ។ អ៊ីចឹងលោកពូក៏ត្រូវហ៊ានទទួលយកចម្លើយដែលខ្ញុំឆ្លើយទៅលោកពូវិញដែរ។ ចម្លើយខ្ញុំគឺ «Yes» ខ្ញុំនឹងទទួលយកការវិនិយោគទុនរបស់លោកពូមកដើម្បីថតរឿងរបស់ខ្ញុំ, ដែលខ្ញុំចង់បង្កើតយូរណាស់មកហើយ វាជាប្រភេទរឿង Sci-fi ដែលមានទីតាំងថតនៅភ្នំពេញ, ខេត្តសៀមរាប and Tokyo (optional) ថវិកាដែលខ្ញុំត្រូវការដើម្បីថតរឿងនេះបានគឺត្រឹមតែ 8 ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ហើយនេះជា List ដែលខ្ញុំត្រូវការ ដើម្បីថតបាន quality ដែលខ្ញុំចង់បាន ៖
– Camera: ARRI ALEXA MINI
– Lighting Crew
– High quality sound recorders
– Visual effect artists
* បញ្ជាក់: Status នេះមិនមែនជាសំណើដែលខ្ញុំសុំលោកពូទេ នេះគឺជាចម្លើយដែលខ្ញុំឆ្លើយទៅកាន់សំណើរបស់លោកពូ»។
ឆ្លើយតបបញ្ហាខាងលើនេះ លោក អឿន សុខន ជាអ្នកវិនិយោគបោះទុនផលិតរឿង «ប្រវត្តិស្នេហ៍នាងនាថ» និងភាពយន្តច្រើនទៀតនៅក្នុងផលិតកម្ម LD និងជាអ្នកហ៊ានបោះទុនឱ្យ៨ ម៉ឺនដុល្លារទៅ Allan ឱ្យផលិតភាពយន្តខ្នាតធំនោះ បានរៀបរាប់ឱ្យដឹងថា ៖

«បេីហៅខ្ញុំថា ពូ ខ្ញុំមានតែហៅ Allan ជាក្មួយទៅចុះ ក្មួយប្រុសហា៎ ក្នុងឆ្នាំ 2024 នេះ ពូវិនិយោគកុនមិនក្រោម 11 រឿងនោះទេ រឿងអីដែលថា រឿងក្មួយត្រឹម 8 ម៉ឺន ពូមិនហ៊ាន វិនិយោគនោះ?! ប៉ុន្តែ ត្រង់ថា រឿងក្មួយថតហេីយទទួលយកជាការបានទេ ឬថតហេីយ ឱ្យពូបោះលុយពូចោលទទេៗ? ក្មួយមានអ្វីមកបញ្ជាក់ទេ បេីសូម្បីតែក្មួយ review ផលិតផល ប្រឹង boost ផង បានមិនដល់ 10k-20k views ផងនោះ?! ហេីយអ្វីដែលក្មួយជាន់កែងខ្លួនឯងនោះ គឺឃ្លាថា “ខ្ញុំចង់បង្កើតយូរណាស់មកហេីយ” មានន័យថា ក្មួយមិនដែលធ្លាប់ថតកុនទេ ត្រូវទេ?! ដូច្នេះ តើក្មួយមានអំណះអំណាងអ្វីកក់ក្ដៅសម្រាប់លុយម្ចាស់ទុនទេ? ឃ្លារបស់ខ្ញុំក៏បានបញ្ជាក់ដែរថា “បេីលោកអាចធ្វេីបានល្អជាងហ្នឹង ឬគ្មានកន្លែងទេីសសោះ“ ច្បាស់ណាស់ក្មួយត្រូវថតរឿងឱ្យបានល្អជាង រឿងនាងនាថ ដែលកេីតចេញពីផលិតករសុទ្ធសឹងមានបទពិសោធន៍លេីសពី 10 ឆ្នាំ, ក្មួយពិតជាអាចធ្វេីបានត្រូវទេ?ក្មួយប្រុស បេីចេះត្រឹមតែ review ផលិតផលទេ, កុំធ្វើអ្វីខុសជំនាញអី នាំគេជេរណា ហេីយពូក៏មិនចង់ឱ្យកុនដែលក្មួយថត ទាញទម្លាក់វិស័យកុនស្រុកខ្មែរយើងនោះដែរ. ពីពូត្រៀមលុយវិនិយោគកុនក្មួយ»។
លោក អឿន សុខន បានបន្ថែមទៀតថា «Allan ខ្ញុំទទួលបានការធានាហើយគាត់នឹងសងលុយខ្ញុំវិញ 8 ម៉ឺន បេីគាត់ធ្វេីមិនបាន! តោះអ៊ីចឹងក្មួយរៀបចំថ្ងៃធ្វើបទបង្ហាញ និងចុះកិច្ចសន្យាមកចុះ បញ្ជាក់៖ បងប្អូនសាធារណជន ក៏អាចចូលរួមជាសាក្សីដឹងឮផងដែរ»។

សម្រាប់លោក លៀក លីដា ដែលជាម្ចាស់ផលិតកម្ម LD និងជាប្រធានសមាគមផលិតករភាពយន្តវ័យក្មេង បានចាត់ទុកការប្រតិកម្មរបស់ Allan លើភាពយន្ត «ជើងមេឃពណ៌ស្វាយ» ដែលជាភាពយន្តវគ្គ២ នៃខ្សែភាពយន្ត «ប្រវត្តិស្នេហ៍នាងនាថ» គឺជាចេតនាបំបាក់ភាពយន្តខ្មែរ ក្នុងពេលដែលវិស័យភាពយន្តខ្មែរនាពេលនេះ កំពុងត្រូវការគាំពារ និងគាំទ្រលើកស្ទួយផ្សព្វផ្សាយបន្ថែមទៀត។ លោកនិយាយថា ចេតនារបស់លោក Allan គឺមានបុគ្គលនៅពីក្រោយបង្គាប់ឱ្យធ្វើរឿងដើម្បីបំបាក់ផលិតកម្ម LD។ ចំពោះលោកលៀក លីដា ធ្លាប់បានលើកឡើងដែរថា ភាពយន្ត «ប្រវត្តិស្នេហ៍នាងនាថ» ទទួលបាន ១ លានដុល្លារពីអ្នកវិនិយោគ ដើម្បីជំរុញឱ្យភាពយន្តខ្មែរកាន់តែមានគុណភាព មានទីផ្សារខ្ពស់ទាំងក្នុងស្រុក និងអន្តរជាតិ។
ជារួមមកវិញ ពេលនេះមហាជន និងអ្នកជំនាញភាពយន្តជាច្រើន នៅតែរង់ចាំមើលថា តើសម្ដីដែល Allan ហ៊ាននិយាយក្នុងនាមជាកូនប្រុស ហ៊ានថា ហ៊ានស៊ី ហ៊ានសង នោះទេ នឹងចេញជារូបរាងនៅពេលណា ខណៈម្ចាស់បោះទុនវិនិយោគឱ្យ Allan មានគម្រោងនឹងជួបពិភ្សាផ្ទាល់ជាមួយលោក និងសុំឃើញពីបទបង្ហាញក្នុងពេលឆាបៗនេះហើយ៕

