បន្ទាយមានជ័យ៖ ភ្លៀងមួយមេធំ ពស់ថ្លាន់ទំងន់ជាង១០គីឡូក្រាម ចេញលេងទឹកភ្លៀងវារពេញផ្លូវ បង្កការភ្នាក់ផ្អើល ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានឲ្យដឹងថា៖ ក្រោយពេលមេឃភ្លៀងមួយមេធំ រាំងនៅសល់តែរលឹមស្រិចៗ ស្រាប់តែឃើញមានសត្វពស់ថ្លាន់ចេញមកវារលេងទឹកដែលដក់លើផ្លូវបេតុង បង្កការភ្ញាក់ផ្អើលថតបាញ់ចូលពេញក្រុមតេឡេក្រាមព័ត៌មានក្រុងប៉ោយប៉ែតទាន់ហេតុការណ៍ និងហៅឲ្យក្រុមសង្គ្រោះ ជួយចាប់យកទៅប្រលែងក្នុងព្រៃចោលពួកគាត់មិនហ៊ានចាប់ឡើយ។ក្រោយមកឃើញក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត និងប្រជាពលរដ្ឋបាននាំព័ទ្ធចាប់សត្វពស់ថ្លាន់ ដាក់ចូលទៅក្នុងការ៉ុង។

ក្រុមសង្គ្រោះបានប្រាប់ថា៖ សត្វពស់ថ្លាន់មួយក្បាលនេះមិនដឹងញី ឬឈ្មោលនោះទេ ប្រវែងជាង២ម៉ែត្រ មានទំងន់មិនតិចជាង១០គីឡូក្រាមនោះទេ ពេលចាប់ហើយ ត្រូវបានដឹកយកទៅប្រលែងចោលនៅតាមកំពតព្រៃនៅជាយក្រុងប៉ោយប៉ែត៕
អត្ថបទ៖ ប៉ោយប៉ែត

