សិល្បៈអន្តរជាតិ៖ យោងតាមការផ្សាយពីបណ្ដាញសារព័ត៌មានបរទេស សមាជិកក្រុមចម្រៀង SNSD កញ្ញា YoonA កំពុងស្ថិតក្នុងអំឡុងពិចារណា តើគួរទទួលយកការសម្ដែងជាតួឯកស្រីនៅក្នុងភាពយន្តភាគថ្មីរបស់អ្នកដឹកនាំ Jang Tae Yoo ដែលធ្លាប់មានស្នាដៃដឹកនាំរឿងល្បីៗជាច្រើន។

ភាពយន្តភាគថ្មីដែលកំពុង Develope សាច់រឿងនេះ មានដំណើរដើមទងដោយសង្ខេបថា តួឯកស្រីគឺជាចុងភៅម្នាក់ដែលមានសមត្ថភាព ប៉ុន្តែជាអកុសលនាងបានជួបប្រទះនឹងឧប្បត្តិហេតុបណ្ដាលឱ្យនាងឆ្លងត្រលប់ទៅកាន់សម័យបុរាណ Chosun ហើយនៅទីនោះនាងបានជួបនឹងស្ដេចផ្ដាច់ការ និងជាស្ដេចដ៏យង់ឃ្មងបំផុតដាក់ចុងភៅនៅក្នុងប្រវត្តិសាស្ត្រកូរ៉េ ប៉ុន្តែទ្រង់ក៏ជាអ្នកភ្លក់អាហារដ៏ចំណានម្នាក់ផងដែរ។

យ៉ាងណាមិញភាពយន្តដែលជាស្នាដៃថ្មីរបស់អ្នកដឹកនាំដែលធ្លាប់មានស្នាដៃល្បីល្បាញដូចជារឿង My Love From The Star, Knight Flower នេះ នៅមិនទាន់ទម្លាយពីតារាសម្ដែងប្រុស ថានឹងអាចជាតារារូបណានៅឡើយទេ។


