ក្រុមម្ចាស់ផ្ទះ BG Phathum United របស់ថៃ គឺដណ្តើមបាន៣ពិន្ទុ ពីព្រះខ័នរាជស្វាយរៀង ក្រុមតំណាងកម្ពុជា ក្រោយយកឈ្នះដោយលទ្ធផល ២-១ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយការប្រកួតគឺធ្វើឡើងនៅកីឡដ្ឋាន BG Staduim ប្រទេសថៃ។

កន្លងទៅក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ Terengganu FC សមាជិកលីគកំពូលម៉ាឡេស៊ី នៃពានរង្វាន់ 2024–25 ASEAN Club Championship (Shopee Cup) ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Sultan Mizan Zainal Abidin ប្រទេស​ម៉ាឡេស៊ី។

ព្រះខ័នរាជស្វាយរៀង (កម្ពុជា) ស្ថិតនៅក្នុង​ពូល A ជាមួយក្រុម​ដូច​ជា Shan United (មីយ៉ាន់ម៉ា), BG Pathum United (ថៃ), Terengganu (ម៉ាឡេស៊ី), PSM Makassar (ឥណ្ឌូណេស៊ី), Dong A Thanh Hoa (វៀតណាម)។

ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន នេះ​ធ្លាប់​រៀបចំ​ឡើង​២​លើក​មក ដោយ​ក្នុង​ឆ្នាំ​២០០៣ ជើង​ឯក​បាន​ទៅ​ក្រុម East Bengal របស់​ឥណ្ឌា ក្រោយ​យក​ឈ្នះ​ក្រុម BEC Tero Sasana របស់​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ហើយ​​ឆ្នាំ​២០០៥ ជើង​ឯក​បាន​ទៅ​ក្រុម Tampines Rovers របស់​សិង្ហបុរី ក្រោយ​យក​ឈ្នះ​លើ​ក្រុម ​Pahang FA របស់​​ម៉ាឡេស៊ី ដោយ​លទ្ធផល ៤-២ នៅ​ទីក្រុង​បានដារសេរីបេហ្គាវ៉ាន់ ប្រទេស​ប្រ៊ុយណេ។

ចំណែក​ក្រុម​ដំណាង​ឱ្យ​កម្ពុជា ចូលរួម​ក្នុង​ពានរង្វាន់​នេះ​គឺ​ នៅ​ឆ្នាំ​២០០៣ ក្រុម ​Samart United (បច្ចុប្បន្ន​ភ្នំពេញក្រោន) ហើយ​នៅ​ឆ្នាំ​២០០៥ ​ក្រុម​ណាហ្គាខប បានចូលរួម (បច្ចុប្បន្ន ណាហ្គាវើល)៕

Share.