នៅ​ថ្ងៃ​ទី ២១ ខែ​កញ្ញា ឆ្នាំ ២០២៤ ក្រុម​ការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​វិស័យ​មហាផ្ទៃ បាន​ប្រកាស​ទទួលស្គាល់​សមាសភាព​បំពេញ​បន្ថែម​ចំនួន ៩៧២ នាក់ ក្រោម​អធិបតីភាព​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ប្រធាន​កិត្តិយស​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​វិស័យ​មហាផ្ទៃ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម ខៀវ ភារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ ស.ស.យ.ក ក្នុង​វិស័យ​មហា​ផ្ទៃ​បាន​លើក​ឡើង​ពី​សមិទ្ធផល​សំខាន់ៗ​មួយ​ចំនួន​ដែល​ក្នុង​ការងារ ស.ស.យ.ក មហាផ្ទៃ​សម្រេច​បាន ក្នុង​នោះ​រួមមាន សកម្មភាព​មនុស្សធម៌ និង​ការងារ​សង្គម​សរុប​ចំនួន ០៥​លើក រាប់​បញ្ចូល​ទាំង​សកម្មភាព​បរិច្ចាគ​ឈាម​, ការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង​, ការ​ជួយ​សម្របសម្រួល​ដល់​សហព័ន្ធ​វាយ​កូន​បាល់​កម្ពុជា​ក្នុង​ឱកាស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការប្រកួត​វាយ​កូន​បាល់​ពិភព​លោក ឆ្នាំ​២០២៤ , និង​សកម្មភាព​ដាំ​កូន​ឈើ​ជា​ដើម​។

ក្រៅ​ពី​នេះ ក្រុម​ការងារ​បាន​ចូលរួម​ជំរុញ​ការ​ផ្សព្វផ្សាយ និង​ធ្វើ​ញត្តិ​គាំទ្រ​វិធានការ សេចក្ដី​ថ្លែង​ការ និង​សារ​សំខាន់ៗ​របស់​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេស ដើម្បី​ឲ្យ​ជ្រួតជ្រាប​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។ ជា​មួយ​គ្នា​នេះ​ដែរ ស.ស.យ.ក. វិស័យ​មហាផ្ទៃ ក៏​បាន​ចូលរួម​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន តាម​រយៈ QR Code ស.ស.យ.ក.  សរុប​ចំនួន ៥៦ រូប គិត​ជា​ថវិកា ចំនួន ៤ ៦៣០ ០០០ ៛ ។

សម្រាប់​ទិសដៅ​ចំពោះ​មុខ ឯកឧត្ដម ខៀវ ភារិទ្ធ បាន​លើកឡើង​នូវ ៣​ចំណុច​ធំៗ រួមមាន​៖ ទី១- បន្ត​ពង្រឹង និង​ពង្រីក សមាជិក សមាជិកា ស.ស.យ.ក.ក្នុង​វិស័យ​មហាផ្ទៃ​បន្ថែម​, ទី២​- ការ​រៀបចំ​បង្កើត​ក្រុម​ការងារ​ស្នូល នៅ​តាម​អគ្គនាយក​ជំនាញ ដើម្បី​ចូលរួម​អនុវត្ត​សកម្មភាព​ស្នូល​ឲ្យ​ស្រប​ទៅ​នឹង​បេសកកម្ម​របស់​ក្រសួង​មហាផ្ទៃ​, និង ទី៣​- ថ្មីៗ​នេះ ដោយ​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ពី​សំណាក់ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ក្រុម​ការងារ​បាន និង​កំពុង​ធ្វើ​ការ​ជា​មួយ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ក្នុង​ការ​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ នៅ​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​។

ដើម្បី​ជា​ការ​ណែនាំ និង​ជំនួយ​ស្មារតី​ដល់​ក្រុម​ការងារ​យុវជន​ដ៏​មាន​សក្ដានុពល​នេះ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ប្រធាន​កិត្តិយស​ក្រុម​ការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​វិស័យ​មហា​ផ្ទៃ បាន​ផ្ដល់​នូវ​អនុសាសន៍​ណែនាំ​បន្ថែម ដល់​ក្រុម​ការងារ ឲ្យ​បន្ត​យកចិត្តទុកដាក់​គោរព​ឲ្យ​បាន​នូវ​លក្ខន្តិកៈ បទបញ្ជា​ផ្ទៃ​ក្នុង ប្រកាន់​ខ្ជាប់​នូវ​ចក្ខុវិស័យ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​បេសកកម្ម​របស់​ខ្លួន​។ បន្ត​លើក​កម្ពស់​ស្មារតី​ល្អ សហការ​ជា​មួយ​អាជ្ញាធរ ក៏​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ការងារ​ខ្ពស់ និង​ការ​ចូលរួម​ចំណែក​លើក​ស្ទួយ​ដល់​ការងារ​សង្គម ជា​ពិសេស​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ភាព​លំបាក​។ ពង្រឹង​ចំណេះដឹង​បន្ថែម​ទៀត តាម​រយៈ​ការ​សិក្សា​រៀន​សូត្រ​ជា​ប្រចាំ ជា​ពិសេស​លើ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​។ ត្រូវ​គោរព​ច្បាប់​ប្រទេស ធ្វើ​ជា​គំរូ​ល្អ​នៅ​ក្នុង​សង្គម និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អសកម្ម​ផ្សេងៗ​។ ជា​មួយ​គ្នា​នេះ ត្រូវ​ចូលរួម​ទប់ស្កាត់​ឲ្យ​បាន​នូវ​អំពើ​អសកម្ម និង​សកម្មភាព​ជ្រុល​និយម ដែល​អាច​បង្ក​អសន្តិសុខ អស្ថិរភាព​សង្គម​។ ត្រូវ​បន្ត​ចូលរួម​សកម្មភាព​សង្គម និង​មនុស្សធម៌ ។

ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្ដម​ប្រធាន​កិត្តិយស​បាន​ថ្លែង​កោតសរសើរ​នូវ​សកម្មភាព​របស់​ក្រុម​ការងារ​កន្លង​មក ដែល​សម្រេច​បាន​នូវ​លទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់ បើ​ទោះ​បី​ក្រុម​ការងារ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​វិស័យ​មហាផ្ទៃ នៅ​មាន​លក្ខណៈ​ថ្មីថ្មោង​ក៏ដោយ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.