បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែត ចុះប្រមូលសំរាម និងណែនាំឲ្យម្ចាស់ផ្សារ អាជីវករក្នុងផ្សារត្រីនិងផ្សារអគ្គៈថ្មី ត្រូវចេះរក្សាអនាម័យទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្រោយពេលដែលក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាមមានការយឺតយ៉ាវ ត្រូវទុកសំរាមគរស្អុយរលួយ ដែលប្រមូលនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្សារត្រី និងផ្សារអគ្គៈថ្មី ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោក គាត ហ៊ុល អភិបាក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ជាការយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត លោកបានដឹកនាំក្រុមការងារជំនាញ និងក្រុមហ៊ុនប្រមូលសរាមស៊ីនទ្រី ចុះអន្តរាគមន៍ប្រមូលចេញភ្លាមៗក្រោយពីប្រជាពលរដ្ឋ អាជីវករបានសំណូមពរសុំឲ្យអាជ្ញាធរអន្តរាគមន៍ជួយយកសំរាមចេញពីចំណុចផ្សារត្រី និងផ្សារអគ្គៈថ្មី ដែលក្រុមហ៊ុនប្រមូលមានការយឺតយ៉ាវ ជួនខែភ្លៀងសំរាមឆាប់ស្អុយរលួយជះក្លិនមិនល្អប៉ះពាល់ដល់ការរស់នៅប្រកបរបរប្រចាំថ្ងៃ និងធ្វើបាត់បង់សោភ័ណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថានផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក អភិបាលក្រុងប៉ោយប៉ែត បានណែនាំដល់អាជីវករ ម្ចាស់ផ្សារត្រី និងម្ចាស់ផ្សារអគ្គៈថ្មី ត្រូវចេះរក្សាអនាម័យទុកដាក់សំរាមឲ្យបានត្រឹមត្រូវ រៀបចំសណ្នាប់ឲ្យមានរបៀបរាបរយ ងាយស្រួលក្រុមហ៊ុនចេញ-ចូលមកប្រមូលសំរាម ឲ្យបានទាន់ពេលវេលា។ ចំពោះក្រុមហ៊ុនវិញត្រូវប្រមូលសំរាមឲ្យបានទាន់ពេលវេលា ព្រោះទីតាំងផ្សារ បើយឺតយ៉ាវ និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពក្រុងផងដែរ។


ប្រជាពលរដ្ឋសូមថ្លែងអំណរគុណដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ក្រុងប៉ោយប៉ែត ដែលយកចិត្តទុកលើបញ្ហាសំរាមខាងលើនេះ ជាពិសេសឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់លើសុខទុកប្រជាពលរដ្ឋក្រោយពេលទទួលបានព័ត៌មានប្រជាពលរដ្ឋសំណូមពរភ្លាម ចុះមកអន្តរាគមន៍ប្រមូលចេញភ្លាមៗតែម្តង៕

អត្ថបទ៖ប៉ោយប៉ែត

Share.