ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធ ថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនត្រូវបានវាយប្រហារដោយមីស៊ីលធម្មតា ពីរដ្ឋណាមួយមកលើប្រទេសរុស្ស៊ី ដែលត្រូវបានចាត់ទុកថា ជាការគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរ គឺជាការរួមគ្នាវាយប្រហារប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន NBC News នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

លោក ពូទីន បើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ដែលមានការចូលរួមដោយមន្ត្រីកំពូល បាននិយាយថា ការផ្លាស់ប្ដូរគោលនយោបាយនុយក្លេអ៊ែររុស្ស៉ី គឺជាការឆ្លើយតបទៅនឹងការប្រែប្រួលស្ថានការណ៍សកលលោកដែលបានបង្កើនការគំរាមកំហែង និងហានិភ័យសម្រាប់រុស្ស៉ី។


លោក ពូទីន បាននិយាយថា «លក្ខខណ្ឌសម្រាប់ការផ្លាស់ប្តូររបស់រុស្ស៊ីចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរក៏ត្រូវបានត្រួតពិនិត្យយ៉ាងច្បាស់លាស់ផងដែរ» ដោយបន្ថែមថា «ទីក្រុងម៉ូស្គូ នឹងពិចារណាវិធានការបែបនេះ ប្រសិនបើខ្លួនបានរកឃើញការចាប់ផ្តើមនៃការបាញ់មីស៊ីល ឬបញ្ជូនយន្តហោះគ្មានមនុស្សបើកមក»។

យ៉ាងណាម៉ិញ ការព្រមានរបស់លោក ពូទីន ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការពិចារណានៅក្នុងសហរដ្ឋអាមេរិក និងអង់គ្លេស អំពីថា តើពួកគេគួរ ឬមិនគួរអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើមីស៊ីលចម្ងាយឆ្ងាយផ្ដល់ដោយលោកខាងលិចវាយប្រហារលើគោលដៅស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី?

ជាមួយគ្នា ការព្រមាននេះ ជាការបញ្ជាក់ថា រុស្ស៉ីបានកែប្រែគោលនយោបាយនុយក្លេអ៊ែរ សព្វថ្ងៃ ដែលត្រូវបានចេញផ្សាយកាលពីឆ្នាំ២០២០ ដោយបាននិយាយថា រុស្ស៉ី អាចនឹងប្រើអាវុធនុយក្លេអ៊ែរ នៅក្នុងករណីដែលខ្លួនរងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរពីសត្រូវ ឬក៏ការវាយប្រហារដោយអាវុធធម្មតាណាមួយដែលបង្កការគំរាមកំហែងដល់អាយុជីវិត ជាតិរបស់រុស្ស៉ី៕

