កំពង់ចាម៖ ខណៈទឹកទន្លេនៅបន្តឡើង ហើយច្រាំងទន្លេនៅបន្តបាក់ជាអន្លើរៗ រដ្ឋបាលខេត្តកំពង់ចាម បានចាត់កម្លាំងអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ ជាមួយកម្លាំងរដ្ឋបាលស្រុកកោះសូទិន ដើម្បីទប់ទល់ការបាក់ស្រុតដីច្រាំងទន្លេតាមបែបធម្មជាតិនៅចំណុចផ្សារជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ កម្លាំងសហការដ៏ឆ្លៀសនេះ បានអនុត្តន៍ភារកិច្ចជូនប្រយោជន៍សង្គមនិងប្រជាពលរដ្ឋបានជោគជ័យ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម បានឲ្យដឹងថា កម្លាំងសហការរួមមាន កម្លាំងរដ្ឋបាលស្រុកកោះសូទិន អភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងទាំង៣ និង កម្លាំងសសយក បានចូលរួមច្រកខ្សាច់ដាក់បេ ដេីម្បីបង្កការពារទប់ច្រាំងទន្លេកុំឲ្យបន្តបាក់ស្រុតបន្តទៀត នៅចំណុចខាងលើ។

លោកអភិបាលរងខេត្តបានបន្តទៀតថា លទ្ធផលការច្រកខ្សាច់ដាក់បេ បានចំនូន ជាង៧០០បេ អស់ខ្សាច់៣រថយន្តធំ ដើម្បីទប់ច្រាំងស្រុតប្រវែង.២០ម៉ែត្រ បានជោគជ័យ ។ គិតមកត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ។ កម្លាំងរដ្ឋបាលបានបំពេញភារកិច្ចទប់ច្រាំងបាក់ស្រុតដីចំណុចខាងលើបានចំនួន២លើករួចមកហើយ ដូចគ្នានេះដែរនៅត្រើយខាងកោះមានការបាក់ស្រុតច្រាំងដែរ តែមិនប៉ះពាល់ដល់ពលរដ្ឋនោះទេ គឺនៅភូមិទី៩ និងភូមិទី១២ ហើយកម្លាំងក៏បានជួយរុះរើសែងផ្ទះជូនពលរដ្ឋបាន ចំនួន៣ផ្ទះផងដែរ។

ពិសេសរដ្ឋខេត្តកំពង់ចាមបានត្រៀមកម្លាំងរួចជាស្រេចមិនថា តែការបាក់ច្រាំងទន្លេនោះទេ គឺត្រៀមកម្លាំងដើម្បីជួយអន្តរាគមន៍រាល់ហេតុការណ៍ជាយថាហេតុ កើតឡើងក្នុងខេត្ត គឺកម្លាំងត្រូវឈរលើសភាពការណ៍ជានិច្ច បែបនេះទើបទទួលបាននូវសុវត្ថិភាពជូនពលរដ្ឋរបស់យើង៕

អត្ថបទ៖អាចារ្យលាក់

