តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយនៅថ្ងៃព្រហស្បតិ៍ នេះថា នាវាចម្បាំងជប៉ុន មួយគ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ដើម្បីអះអាងនូវសេរីភាពនៃការធ្វើនាវាចរណ៍របស់ខ្លួន ហើយកើតឡើងមួយសប្តាហ៍បន្ទាប់ពីនាវាផ្ទុកយន្តហោះរបស់ចិន បានធ្វើដំណើរឆ្លងកាត់កោះជប៉ុនចំនួន២ នៅជិតកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន លោក Yoshimasa Hayashi បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ នៅឯសន្និសីទសង្ខេបមួយ ដោយសារពួកគេព្រួយបារម្ភអំពីប្រតិបត្តិការយោធា។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនជាច្រើនបាននិយាយថា នាវាពិឃាត Sazanami របស់កងកម្លាំងស្វ័យការពារជប៉ុន បានឆ្លងកាត់ច្រកសមុទ្រចិនខាងកើត កាលពីថ្ងៃពុធ មិនធ្លាប់មានពីមុនមក ស្របពេលជាមួយនឹងនាវាកងទ័ពជើងទឹកមកពីប្រទេសអូស្ត្រាលី និងនូវែលសេឡង់។


បើតាមរបាយការណ៍ បានបង្ហាញថា ប្រទេសទាំង៣ គ្រោងធ្វើសមយុទ្ធយោធានៅក្នុងសមុទ្រចិនខាងត្បូងដែលមានការប្រកួតប្រជែង។
ដោយឡែកនាថ្ងៃព្រហស្បតិ៍ នេះ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះយោធាចិនចំនួន ៤៣គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន៨ ត្រូវបានគេរកឃើញនៅជុំវិញកោះប្រជាធិបតេយ្យក្នុងរយៈពេល ២៤ម៉ោង។
កាលពីសប្តាហ៍មុន នាវាផ្ទុកយន្តហោះចម្បាំង Liaoning របស់ចិន អមដោយនាវាពិឃាតពីរគ្រឿង បានធ្វើដំណើរលើកដំបូងនៅចន្លោះផ្លូវទឹកកោះជប៉ុនចំនួន ២ ដែលស្ថិតនៅជិតកោះតៃវ៉ាន់។

កាសែត Yomiuri Shimbun បានដកស្រង់ប្រភពរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះដោយនិយាយថា នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ជាអ្នកបញ្ជាឱ្យនាវាចម្បាំងឆ្លងកាត់ចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ ដោយសារលោកមានអារម្មណ៍ថា ការមិនចាត់វិធានការណាមួយ បន្ទាប់ពីការឈ្លានពានរបស់ចិនចូលទៅក្នុងដែនទឹកជប៉ុន អាចជំរុញទឹកចិត្តទីក្រុងប៉េកាំងឲ្យមានការទាមទារកាន់តែច្រើនថែមទៀត។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងបង្កើនការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ប្រវែង ១៨០គីឡូម៉ែត្រ ដើម្បីពង្រឹងឋានៈរបស់ខ្លួនជាផ្លូវទឹកអន្តរជាតិ ដែលធ្វើឱ្យប្រទេសចិនខឹងសម្បារ។
កាលពីដើមខែកញ្ញា នេះ នៅពេលដែលអាល្លឺម៉ង់បានបញ្ជូននាវាចម្បាំង២គ្រឿងរបស់ខ្លួន ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ទីក្រុងប៉េកាំងបានធ្វើការព្រមានទីក្រុងប៊ែរឡាំង ហើយចោទប្រកាន់ថា សកម្មភាពនេះមានគ្រោះថ្នាក់ដល់សន្តិសុខនៅក្នុងតំបន់៕

