សិល្បៈអន្តរជាតិ៖ តារាសម្ដែង Lee Se Young បានរំលឹកពីបទពិសោធឈឺចាប់ដែលខ្លួនឆ្លងកាត់ក្រោយពេលក្លាយជាមនុស្សធំដឹងក្ដី ស្រាប់តែលែងមានអ្នកហៅសម្ដែង នៅក្នុងកម្មវិធីសម្ភាសន៍មួយរបស់ទូរទស្សន៍ TVN ដែលមានឈ្មោះថា You Quiz on the Block កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

តារាស្រីរូបនេះបាននិយាយពីឧបសគ្គដែលខ្លួនជួបប្រទះក្រោយពេលធំដឹងក្ដី បន្ទាប់ពីប្រឡូកចូលវិស័យសម្ដែងតាំងពីវ័យ៦ឆ្នាំ។ «កាលពីឆ្នាំ២០១៥ ខ្ញុំបានចូលរៀនមហាវិទ្យាល័យ ហើយខ្ញុំក៏ចាប់ផ្ដើមចេញមករស់នៅ ម្នាក់ឯងជាលើកដំបូង។ ខ្ញុំមានថ្លៃឈ្មួលផ្ទះត្រូវបង់រាល់ខែ តែខ្ញុំអត់មានអ្នកហៅទៅសម្ដែង។ ខ្ញុំលំបាករកតួអង្គដែលខ្ញុំសម្ដែងបាន ខ្ញុំគឺជាតារាម្នាក់ដែលគេស្គាល់ ប៉ុន្តែនៅពេលខ្ញុំធំ អត់មានឱកាសបានបង្ហាញខ្លួន។ ក្រោយមកខ្ញុំមានឱកាសបានទទួលការងារសម្ដែង។ កន្លែងថតនៅ Daegu ប៉ុន្តែមហាវិទ្យាល័យរបស់ខ្ញុំស្ថិតនៅ Seoul។ ខ្ញុំយកថ្ងៃពុធមួយថ្ងៃសម្រាប់រៀន ដោយប្រើពេលរៀន១២ ម៉ោង ចាប់ពីម៉ោង៩ ព្រឹកតទៅ ក្រោយរៀនចប់ខ្ញុំនឹងធ្វើដំណើរទៅថតកុននៅ Daegu ហើយបើមានករណីខ្ញុំអវត្តមាន ខ្ញុំនឹងដាក់ Report ដើម្បីបំពេញបន្ថែមម៉ោងក្រោយ។

តារាស្រីរូបនេះក៏បានចែករំលែកពីជីវិតប្រចាំថ្ងៃរបស់ខ្លួន ដោយមានពេលខ្លះត្រូវបង្ខំចិត្តផឹកកាហ្វេ espresso ៨ កែវ ដើម្បីទប់ទល់នឹងភាពងងុយ ជាពិសេសការពារកុំឱ្យគេងលក់ក្នុងថ្នាក់។ ជាមួយគ្នានោះដែរ Lee Se Young ក៏បានរំលឹកដែរថា គ្រប់គ្នាមិនឃើញខ្ញុំសម្ដែង យល់ថាខ្ញុំស្ថិតនៅក្នុងដំណាក់កាលសំរាក តែតាមពិតខ្ញុំកំពុងតែអត់ការងារធ្វើ។
ជាចុងក្រោយ កញ្ញាក៏បានចែករំលែកឱ្យដឹងផងដែរថា៖ ខ្ញុំមានអារម្មណ៍ដូចឈរនៅមាត់ជ្រោះ តួដែលខ្ញុំអាចលេងបានគឺ សម្រាប់ផ្ដល់ឱ្យតួថ្មីដែលទើបចូល ប៉ុន្តែមុខរបស់ខ្ញុំមិនថ្មីសម្រាប់អ្នកទស្សនានោះឡើយ។

