កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុ ប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធាន ទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបាន ជម្លៀសមកទីទួលសុវត្ថិភាព ស្ថិតនៅក្នុងឃុំពង្រ និងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ 

របស់ លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន ឲ្យដឹងថា នាឱកាសនោះ ឯក ឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងប្រតិភូអមដំណើរ បានអញ្ជើញពិនិត្យស្ថានភាព ច្រាំងទន្លេ ដែលទទួលរងបាក់ស្រុត នៅ ចំណុច ផ្សារជីហែ ស្ថិតនៅក្នុងភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលបានបាក់ស្រុត មានប្រវែង បណ្តោយ ៦៣ម និងទទឹង ២ម ។

បច្ចុប្បន្ន ច្រាំងទន្លេ ដែលទទួលរងបាក់ស្រុត នៅលើទីតាំងនេះ គណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន បានដាក់បាវខ្សាច់ទប់ការពារ ដើម្បី មិនឲ្យបាក់ ស្រុតបន្តទៀត រួចរាល់ហើយ ។ ដោយឡែក ក្នុងបេសកកម្មបន្តទៀត ឯកត្តម អ៊ុន ចាន់ដា អភិបាល នៃ គណអភិបាលខេត្តំពង់ចាម និងជាប្រធានគណៈម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុម ការងារ បន្តដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលបានជន់លិចផ្លូវលេខ ៧០បេ នៅត្រង់ ចំណុចព្រំប្រទល់ឃុំពាមប្រធ្នោះ និងឃុំកំពង់រាប នៃស្រុកកោះសូទិន ។

  ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលកំពង់រងគ្រោះដោយទឹកជំនន់ និងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងសុវត្ថិភាព សុខភាព និងការរក្សាអនាម័យ ជាពិសេស កុំបណ្តែតបណ្តោយឲ្យកូនៗ ឬក្មេងតូចៗលែងទឹក នៅតាមតំបន់ប្រឈមគ្រោះថ្នាក់ឡើយ ។ ក្រៅពីនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តការយកចិត្តទុកដាក់ ចំពោះ សុវត្ថិភាពប្រជាពលរដ្ឋ ទាំងតាមខ្នងផ្ទះ ដែលទទួលទឹកជំនន់ និងទាំងប្រជាពលរដ្ឋ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។

ជាមួយនោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ត្រូវបន្តតាមដានសភាពការណ៍ និងស្ថានភាពទឹកជាប្រចាំ ដើម្បី បន្តជួយអន្តរាគមន៍ ទាន់ពេលវេលា ។  ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និងឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានឧបត្ថម្ភ សម្ភារៈមួយចំនួន ដល់គ្រួសារពលរដ្ឋ ដែលបានជំលៀសមកទីទួលសុវត្ថិភាពចំនួន ០២ គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូ ទឹកស៊ីវម៉ីវ ១យួរ ត្រីខកំប៉ុង ១យូរ មី ១កេសតូច និងសម្ភារៈប្រើប្រាស់ផ្សេងៗ សរុបថវិកាចំនួន ៤៧០.០០០រៀល ។  លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ ចាម បានឲ្យដឹងថា ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានឡើងកម្ពស់ ១៤,៣០ម៉ែត្រ ធៀប ទៅនឹងថ្ងៃម្សិលមិញ ទឹកបានឡើង ០,២០ម៉ែត្រ បើធៀបទៅនឹងឆ្នាំកន្លងទៅ ទឹកមានកម្ពសត្រឹមតែ១២,១៦ម៉ែត្រ ប៉ុណ្ណោះ ខណៈពេលដែលកម្រិតកម្ពស់ទឹក ត្រូវប្រកាសអាសន្ន មានកម្ពស់ ១៥,២០ម៉ែត្រ ។ មកដល់ពេលនេះ ព្រែក បឹងបួរ ចំនួន ៣៧ លើ ៤១ព្រែក ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម មានទឹកហូរចូល រួចរាល់ហើយ ។

ដោយឡែក របាយការណ៍ គ្រោះមហន្តរាយខេត្ត ឲ្យដឹងដែរថា គិតមកដល់ពេលនេះទឹកជំនន់ បានធ្វើឲ្យផលប៉ះពាល់ បាក់ច្រាំងទន្លេប្រវែង ៧.៥០៣ម៉ែត្រ ។ លិចហេដ្ឋារចនាសម្ព័ន្ធ ផ្លូវប្រវែង២២.០៨៨ម៉ែត្រ ក្នុងនោះផ្លូវដី ប្រវែង ១៣.៣០៩ម៉ែត្រ បេតុង ប្រវែង ៨.៥១៩ម៉ែត្រ និងផ្លូវកៅស៊ូ ២៦០ម៉ែត្រ ស្ពាន ២កន្លែង សាលារៀន ១៣កន្លែង វត្តអារាម ៧កន្លែង ផ្ទះ ១.៩៩៧ខ្នងផ្ទះ ។ ប៉ះពាល់ផលដំណាំស្រូវ សរុបចំនួន ១.២៨០,៨៣ហត ពោត ចំនួន១៨២,៧៥ហត និងដំណាំផ្សេងៗ សរុបចំនួន ។ ២៣៥,៣ហ.ត និងមានមនុស្ស ១នាក់បានលង់ទឹកស្លាប់ ផងដែរ ៕

អត្ថបទ៖ អាចារ្យលាក់

Share.