នៅព្រឹក​ថ្ងៃសុក្រ ទី២៧ កញ្ញានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ប្រកាសថាក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយឆៃនីសតៃបុិ ក្នុងជំនួបមិត្តភាពអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ វេលាម៉ោង ១៩:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

ដូ​នេះ ក្រោមការដឹកនាំរបស់លោក Koji Gyotoku ជនជាតិជនជាតិជប៉ុន គ្រូបង្វឹកបណ្ដុះអាសន្ន ដែល​បាន​ប្រកាសតែងតាំងកាល​ពីថ្ងៃទី១៣​ ខែកញ្ញា ក្រោយសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គឺលោក Felix Dalmas សញ្ជាតិអាហ្សង់ទីន គឺជាភារកិច្ចលើកដំបូង​ក្នុង​ការដឹក​នាំក្រុម​ជម្រើសជាតិ​កម្ពុជាឈុតធំ។

រំលឹកដែរថា ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ក្រោមការដឹកនាំរបស់លោក Koji Gyotoku កំពុង​តែ​មាន​ភារកិច្ច​ ក្នុងពានរង្វាន់ជើងឯកទ្វីបអាសុី AFC U20 Asian Cup China PR 2025™ វគ្គជម្រុះនៅចិនតៃបុិ។

ក្នុង​បេសកកម្ម ៣ប្រកួត​កន្លង​មក នៃពានរង្វាន់ជើងឯកទ្វីបអាសុី AFC U20 Asian Cup China PR 2025™ វគ្គជម្រុះនៅចិនតៃបុិក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ រកបាន​ជ័យ​ជម្នះ​ ២ប្រកួត ឈ្នះនេប៉ាល់ និងបារ៉ែន និងចាញ់​ ១ប្រកួត បាន​ធ្វើ​ឱ្យក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ កំពុង​ឈរ​នៅ​លេខ១ ក្នុង​នាម​ជា​ក្រុម​លេខ ២ល្អ​បណ្ណោះអាសន្ន​។

តែយ៉ាងណា កម្ពុជានៅសល់ ១ប្រកួត​ទៀត ក្នុង​ជំនួបបិទពូល B របស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ នឹងត្រូវជួប ក្រុមជម្រើសជាតិចិនតៃប៉ិ នៅកីឡដ្ឋាន Fu Jen Catholic University នៅថ្ងៃអាទិត្យ ទី២៩ កញ្ញា វេលាម៉ោង ៦:០០ល្ងាច។

តាម​ការគ្រោងទុក របស់​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចូល​ដល់​ខែតុលា ក្រុម​ជម្រើសជាតិកម្ពុជា នឹង​មាន​ជំនួន​មិត្តភាព​អន្តរជាតិ​ចំនួន ២ប្រកួត​ដោយ​ណាត់​ក្រុម​ជម្រើសជាតិ​ចិនតៃប៉ិ ប្រកួត​នៅទឹក​ដីកម្ពុជា និង​មួយ​ប្រកួត​ទៀត ជួប​ហុងកុង នៅ​ទឹក​ដូ​ហុងកុង។

គួរបញ្ជាក់ផងដែរថា សម្រាប់​ការប្រកួត​មិត្តភាព​នេះ​ដែរ គឺ​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុងបេសកកកម្ម​ចុង​ក្រោយ​នៅ​ក្នុង​ឆ្នាំ២០២៤នេះ ពោល​គឺ​នៅ​ខែវិច្ឆិកា និង​ធ្នូ ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​ជើង​ឯក​ប្រចាំតំបន់​អាស៊ាន Asean Mitsubishi Electric Cup ឆ្នាំ២០២៤ ចំនួន ៤ប្រកួត​ទៀតគឺ ជួប ម៉ាឡេស៊ី សិង្ហបុរី (ក្រុមឈ្នះរវាងទីម័រ ឬប្រ៊ុយណេ) និងថៃ៕

Share.