លោក Antonio Cassano អតីតកីឡាកររបស់ក្លិប Real Madrid ចន្លោះពីឆ្នាំ ២០០៦-០៨ និងក្រុមជម្រើសជាតិអ៉ីតាលី បាននិយាយក្នុងកម្មវិធីទូរទស្សន៍ Viva El Futbol រិះគន់អំពីទម្រង់លេងរបស់ Cristiano Ronaldo យ៉ាងខ្លាំង។

លោក Cassano បាននិយាយថា៖«Cristiano Ronaldo មិនដឹងពីរបៀបលេងបាល់ទាត់ទេ។ ទោះបីជាគាត់អាចស៊ុតបញ្ចូលទីបាន ៣,០០០គ្រាប់ក៏ដោយ ក៏ខ្ញុំមិនខ្វល់ដែរ។ កីឡាករដូចជា Gonzalo Higuain, Sergio Aguero, Karim Benzema, Robert Lewandowski, Zlatan Ibrahimovic និង Luis Suarez យល់ពីរបៀបភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមក្រុមរបស់ពួកគេ»។

ដូច្នេះតើ Antonio Cassano ជានរណា? លោក Antonio Cassano ជនជាតិអ៊ីតាលី ធ្លាប់ស៊ុតបញ្ចូលទីបានត្រឹមតែ២គ្រាប់ប៉ុណ្ណោះ ក្នុងចំណោមការបង្ហាញខ្លួន ១៩លើកឲ្យ Real Madrid ចន្លោះរដូវកាល ២០០៦ ដល់ ២០០៨ ក្នុងនាមជាខ្សែប្រយុទ្ធ។
នៅក្នុងអាជីពបាល់ទាត់របស់លោក Antonio Cassano ស៊ុតបញ្ចូលទីសរុប ១២៥គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនសរុបទាំងនៅក្លិប និងក្រុមជម្រើសជាតិអ៊ីតាលី ៤៥៨ប្រកួត។
ងាកទៅខ្សែប្រយុទ្ធ Cristiano Ronaldo វិញបច្ចុប្បន្នកំពុងប្រកបអាជីពបាល់ទាត់នៅក្លិប Al Nassr FC ឈរលើគេក្នុងនាមជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំប្រវតិ្តសាស្រ្តបាល់ទាត់ ៩០២គ្រាប់៕


