សិល្បៈជាតិ៖ លោកស្រី  ពាន់ ភួងបុប្ផា ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំភាពយន្តជើងចាស់ បានបញ្ចេញស្នាដៃភាពយន្តថ្មីដែលមានចំណងជើងថា «ទេពធីតាក្នុងសុបិន» ដែលជាភាពយន្តបុរាណមួយបង្ហាញពីភាពសាមញ្ញនៃទំនៀមទំលាប់របស់ជនជាតិខ្មែរសុទ្ធសាធ ទាំងការរស់នៅ ទាំងឥរិយាបថ ភូមិស្រុក រហូតមកដល់សម្លៀកបំពាក់ គ្រឿងអលង្ការ ក្នុងសម័យនោះ។

ភាពយន្ត «ទេពធីតាក្នុងសុបិន» ត្រូវបានអ្នកនិពន្ធជើងចាស់រូបនេះលើកសាច់រឿងបង្ហាញពីបុរសភាគច្រើនចូលចិត្តតែនារីដែលមានរូប សម្រស់ស្រស់ស្អាត អ៊ីចឹងទូទៅច្រើនតែស្រមើលស្រមៃទៅរកទេពធីតានៅក្នុងអារម្មណ៍ធ្វើឱ្យគាត់ភ្លេចអំពីស្រីម្នាក់ ដែលកំពុងតែដេកនៅក្បែរគាត់។

ភាពយន្តនេះទៀតសោត បានបង្ហាញខ្លឹមសារអប់រំសង្គម ឱ្យស្រី្ត កូនស្រី រៀនសូត្រឱ្យមានវិជ្ជាខ្ពង់ខ្ពស់ មានការគិត មានគតិនៅក្នុង ការដោះស្រាយបញ្ហា។ កាន់តែពិសេសជាងនេះទៅទៀត ភាពយន្ត «ទេពធីតាក្នុងសុបិន» បានបញ្ចូលនូវបទចម្រៀងមនោសញ្ចេតនាខ្មែរជាច្រើនបទ ដែលជាផ្នែកសំខាន់មួយនាំអារម្មណ៍អ្នកទស្សនាឱ្យងាកមកចាប់អារម្មណ៍ពីអត្តសញ្ញាណជាតិខ្លួន។

សូមជម្រាបដែរថា ភាពយន្ត «ទេពធីតាក្នុងសុបិន» មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤នេះតទៅ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌយ៉ាងពិសេស។ កុំភ្លេចនាំក្រុមគ្រួសារ និងញាតិមិត្តទៅទស្សនានៅរោងភាពយន្តទាំងអស់គ្នា គាំទ្រភាពយន្តខ្មែរជាការផ្ដល់កម្លាំងចិត្តដល់ផលិតករខ្មែរគ្រប់រូប៕

Share.