យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា អាកាសយានដ្ឋានសំខាន់ចំនួន២ របស់ទីក្រុងសេអ៊ូល បានខកខានជើងហោះហើររបស់ពួកគេចំនួន ២០លើកក្នុងឆ្នាំនេះ ដោយសារតែការរំខានពីប៉េងប៉ោងសំរាមរបស់កូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NK News នាថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

សមាជិកសភាគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង លោក Yang Bu-nam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល២០ថ្ងៃផ្សេងៗគ្នាចាប់តាំងពីថ្ងៃទី១ខែមិថុនា ជើងហោះទាំងអស់ ឬមួយចំនួននៅអាកាសយានដ្ឋាន Incheon និងអាកាសយានដ្ឋាន Gimpo ត្រូវបានបិទសម្រាប់ការចុះចត ឬការហោះហើរ នៅពេលដែលប៉េងប៉ោងសំរាមរបស់កូរ៉េខាងជើងត្រូវបានប្រទះឃើញនៅក្នុងតំបន់ជុំវិញអាកាសយានដ្ឋាន។ សរុបមក ការបិទជើងហោះហើរទាំងអស់ មានរយៈពេល ៤១៣នាទី។

ប៉េងប៉ោងទាំងអស់នោះត្រូវបានបក់តាមខ្យល់ ហើយខ្លះបានធ្លាក់ចុះនៅក្នុងប្រទេសកូរ៉េខាងត្បូង រួមទាំងនៅជិតការិយាល័យប្រធានាធិបតី និងនៅលើផ្លូវហោះហើររបស់អាកាសយានដ្ឋាន។ ខណៈពេលដែលអាជ្ញាធរបានប្រមូលប៉េងប៉ោងភាគច្រើនដោយគ្មានឧបទ្ទវហេតុ ប៉េងប៉ោងខ្លះបានរំខានដល់ចរាចរណ៍ផ្លូវអាកាស និងខ្លះបង្កឲ្យកើតមានអគ្គិភ័យតិចតួច។

បើតាមមន្ត្រីក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា យុទ្ធនាការបង្ហោះប៉េងប៉ោងកូរ៉េខាងជើងមានផលរំខានខ្លាំងដល់ប្រតិបត្តិការហោះហើរ ដោយក្នុងករណីខ្លះបណ្ដាលឲ្យមានការខ្ជះខ្ជាយបរិមាណប្រេងឥន្ធនៈរបស់យន្តហោះ ព្រោះតែការពន្យារពេលនៅលើអាកាស ឬការបង្វែរទិសដៅទៅអាកាសយានដ្ឋានផ្សេង។
សូមជម្រាបថា កូរ៉េខាងជើង បានបាញ់បង្ហោះប៉េងប៉ោងជាង ៥.៥០០ប៉េងប៉ោង ចងភ្ជាប់ថង់សំរាមចាប់តាំងពីចុងខែឧសភា ដោយនិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងប៉េងប៉ោងដែលផ្ទុកខិត្តប័ណ្ណឃោសនាប្រឆាំងនឹងក្រុងព្យុងយ៉ាង ដែលបង្ហោះដោយក្រុមសកម្មជនកូរ៉េខាងត្បូង៕

