នាយកប្រតិបត្តិ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ហៅ​កាត់​ថា AIP លោកគឹម បញ្ញា លើកឡើង​នូវ​វិធានការ​គន្លឹះ​មួយ​ចំនួន ដើម្បី​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ក៏​ជា​បុណ្យ​ជាតិ​ធំៗ​។ វិធានការ​ទាំង​នោះ​រួមមាន ត្រូវ​ប្រកាន់​ខ្ជាប់​វិធាន​សុវត្ថិភាព​ក្នុង​ពេល​បើកបរ និង​មាន​ឥរិយាបថ​ល្អ​។ ចំណុច​នេះ​លោក​គឹម បញ្ញា​ចង់​ប្រៀបធៀប​ទៅ​នឹង​ការ​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​កូវីដ​-​១៩ ដែល​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​បាន​រួម​គ្នា​យ៉ាង​ផុលផុស រហូត​ទទួល​បាន​ជោគជ័យ ពោល​គឺ​ទប់ស្កាត់​ជំងឺ​កូវីដ​-​១៩ មិន​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​បាន​។ ដូច្នេះ លោក​ចង់​ដាស់តឿន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​អាជ្ញាធរ​ចូលរួម​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​ទាប​បំផុត ដូច​ជា​យុទ្ធនាការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូវីដ​-​១៩​ដែរ​។

វិធានការ​គន្លឹះ​មួយ​ទៀត គឺ​ត្រូវ​បន្ត​ដាស់តឿន​ក្រើន​រំឭក​សាច់ញាតិ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​ឲ្យ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​ចរាចរណ៍ តាមរយៈ​ប្រាប់​ឲ្យ​ពាក់​មួក​សុវត្ថិភាព​, បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​, ស្រវឹង​សូម​កុំ​បើកបរ​, បើកបរ​ក្នុង​ល្បឿន​កំណត់​, បើកបរ​ដោយ​ឥរិយាបថ​ល្អ ដោយ​មិន​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ មិន​បើក​បញ្ច្រាស បត់ ឬ​ប្ដូរ​ទិសចរាចរណ៍​ដោយ​ប្រុងប្រយ័ត្ន​ជា​ដើម​។

ជា​មួយ​គ្នា​នេះ ក្នុង​ឱកាស​បុណ្យទាន​ធំៗ ដូច​ជា​បុណ្យ​ភ្ជុំ​ជា​ដើម នៅ​តាម​វត្ត​អារាម មាន​ព្រះសង្ឃ និង​អាចារ្យ ត្រូវ​ឆ្លៀត​ឱកាស​នេះ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍ តាម​រយៈ​ធម្មទេសនា ការ​ផ្ដល់​ឱវាទ និង​ការ​ប្រកូក​ប្រកាស ព្រមទាំង​ចង​បដា​រំលេច​នូវ​ខ្លឹមសារ​អប់រំ​ជា​ដើម ដើម្បី​ពញ្ញាក់​ស្មារតី​បរិស័ទ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ពេល​បើកបរ​។

លោក គឹម បញ្ញា បញ្ជាក់​បន្ថែម​ថា ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​ជាតិ​ធំៗ ក៏​គួរ​តែ​ធ្វើ​ឡើង​ឲ្យ​បាន​ម៉ឺងម៉ាត់​ជាង​ថ្ងៃ​ធម្មតា ដើម្បី​កាត់បន្ថយ​ការ​ល្មើស​ច្បាប់ និង​វិធាន​សុវត្ថិភាព​ចរាចរណ៍ គោល​ច្បង​នោះ​គឺ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​។

សូមជម្រាបថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល ៦ ​ខែ​ដំបូងនៃឆ្នាំ ២០២៤ នេះ​បាន​កើត​ឡើង​ចំនួន ១ ៥៣៤ លើក ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ៧៩៣ ​នាក់, កើនឡើង ៣៧ នាក់ ស្មើនឹង​៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣។ ចំណែកអ្នក​របួសមាន​ចំនួន​ ២ ១១៦ នាក់, កើន ៤៤ នាក់ ស្មើ​២% ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។

ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល ៦​ខែ ឆ្នាំ ២០២៤ នេះ​មាន​ការ​ថយ​ចុះ​ចំនួន ១៤​ករណី បើ​បៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន ១ ៥៤៨ ​លើក ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ៧៥៦​នាក់ និង​របួស ២ ០៧២​នាក់។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.