តំបន់រងផលប៉ះពាល់ក្នុងខេត្តចំនួន ១១ ក្នុងតំបន់ច្រាំងទន្លេ Chao Phraya រួមទាំងទីក្រុងបាងកក ត្រូវបានគេព្រមានឱ្យត្រៀមលក្ខណៈសម្រាប់គ្រោះទឹកជំនន់ ដែលអាចកើតមាន ខណៈដែលទំនប់ Chao Phraya ក្នុងខេត្ត Chai Nat នឹងបង្កើនអត្រានៃការបង្ហូរទឹកចេញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នាថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយថៃ កាលពីថ្ងៃទី២៦ ខែកញ្ញា បានរាយការណ៍ថា នាយកដ្ឋានធារាសាស្ត្រនឹងបង្កើនអត្រាបង្ហូរទឹកតាមទំនប់ Chao Phraya ជាបណ្តើរៗ ពីបច្ចុប្បន្ន ១,៤៩៨ ម៉ែត្រគូបក្នុងមួយវិនាទី ដោយសារភ្លៀងបន្តធ្លាក់ខ្លាំង និងហូរខ្លាំងពីភាគខាងជើង ដល់ល្បឿន ២,០០០ម៉ែត្រគូបក្នុងមួយវិនាទី ។

តំបន់ដែលត្រូវរងផលប៉ះពាល់ គឺស្ថិតនៅតាមបណ្ដោយច្រាំងទន្លេ Chao Phraya រួមទាំង ទីក្រុងបាងកក និងខេត្តមួយចំនួនដែលរងផលប៉ះពាល់ផ្សេងទៀតដូចជា ខេត្ត Uthai Thani, Chainat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Lop Buri, Pathum Thani, Nonthaburi និង Samut Prakan។

ការ​បង្ហូរ​នេះ​នឹង​បង្កើន​កម្ពស់​ទឹក​ក្នុង​ប្រឡាយ Phong Pheng ក្នុង​ខេត្ត Ang Thong និង​ប្រឡាយ Bang Ban ព្រមទាំងទន្លេ Noi ក្នុង​ខេត្ត​អយុធ្យា ចន្លោះពី ១ម៉ែត្រ ទៅ ១,៥ ម៉ែត្រ។ ការកើនឡើងកម្ពស់ទឹកនេះ ក៏អាចបណ្តាលឲ្យ​ប្រឡាយ និងទន្លេ​ហូរហៀរ​ទឹក​ចេញ​ពី​ច្រាំង​ទៅ​កាន់​ទីតាំង​ផ្សេងៗ​ផងដែរ។

នាយកដ្ឋានបានរាយការណ៍ថា គិតត្រឹមនៅម៉ោង៧ ព្រឹកថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ កម្ពស់ទឹកនៅស្ថានីយ៍ C2 ក្នុងស្រុក Muang នៃខេត្ត Nakhon Sawan បានកើនឡើង ២១សង់ទីម៉ែត្រ ធៀបនឹងថ្ងៃពុធ សប្ដាហ៍នេះ ប៉ុន្តែនៅតែមានកម្រិតទាបជាងច្រាំងទន្លេដែលមានកម្ពស់ ៣,២៩ម៉ែត្រ។ អត្រាបង្ហូរទឹកនៅស្ថានីយ៍នេះគឺ ១,៨៤៦ម៉ែត្រគូបក្នុងមួយវិនាទី។

នៅស្ថានីយ៍ C3 ឬទំនប់ Chao Phraya ក្នុងខេត្ត Chai Nat កម្រិតទឹកបានឡើងបន្តិចចាប់ពីថ្ងៃទី​២៥​ខែកញ្ញា ប៉ុន្តែនៅតែទាបជាងច្រាំងទន្លេ​ដែល​មាន​កម្ពស់ ៣,៥២​ម៉ែត្រ។ អត្រា​បង្ហូរ​ទឹក​នៅស្ថានីយ៍នេះគឺ ១៤៩៨​ម៉ែត្រគូបក្នុង​១​វិនាទី។

យ៉ាងណាម៉ិញ ប្រជាពលរដ្ឋចំនួន ២០០០គ្រួសារ ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ដោយសារ​ទឹកជំនន់ ខណៈទឹកសមុទ្រនៅប្រទេសថៃបែរជាស្រកចុះ ជាសញ្ញាណឱ្យប្រជាជន រួមទាំងភ្ញៀវទេសចរណ៍ ប្រុងប្រយ័ត្នចំពោះរលកយក្សស៊ូណាមិ៕

ប្រភព៖ The Nation

Share.