ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យមហាផ្ទៃ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយស នៅក្នុងកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ”តំណក់ឈាម មនុស្សធម៌” នៅទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តម ខៀវ ភារិទ្ធ បានមានប្រសាសន៍ថា នេះជាលើកទី១ សម្រាប់ក្រុមការងារសហភាពសហព័ន្ធកម្ពុជា ក្នុងវិស័យមហាផ្ទៃ ដែលបានរៀបចំកម្មវិធីមនុស្សធម៌បែបនេះឡើង ក្រោមគំនិតផ្តួចផ្តើម និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា។

ការចូលរួមបរិច្ចាគឈាមនាថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្ត និងសមានចិត្តប្រកបដោយសប្បុរសធម៌ ជាពិសេសការចូលរួមចំណែកជួយដល់ជនរងគ្រោះជាច្រើនសម្រាប់ថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ ឱ្យរួចចាកផុតពីការស្លាប់បាត់បង់ជីវិត”។

សូមបញ្ជាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមថ្ងៃនេះ ទទួលបានការចូលរួមស្ម័គ្រចិត្ត និងគាំទ្រយ៉ាងច្រើនពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក..វិស័យមហាផ្ទៃ ជាពិសេសបងប្អូនកងកម្លាំងទាំងមន្ត្រីរាជការស៊ីវិល និងនគរបាល តាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្របពេលពិធីបុណ្យភ្ជុំបិណ្ឌខិតជិតមកដល់៕

Share.