តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម ហង់ ជួនណារ៉ុន បានបង្ហាញពីកាលបរិច្ឆេទប្រឡង ចំនួនបេក្ខជន គណៈមេប្រយោគ និងគណៈកម្មការប្រឡង ព្រមទាំងកត្តាពាក់ព័ន្ធផ្សេងទៀតក្នុងដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ ជាសាធារណៈយ៉ាងដូចនេះ៖
សម័យប្រឡងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៨ និង ៩ ខែតុលា ឆ្នាំ ២០២៤ បន្ទាប់មក ដំណើរការកំណែមានរយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី ១១ ដល់ ១៧ ខែតុលា ហើយដំណើរការស្រង់បូកសរុបពិន្ទុតាមរយៈប្រព័ន្ធកុំព្យូទ័រមានរយៈពេល ១០ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៨ ដល់ ២៨ ខែតុលា។ លទ្ធផលនៃការប្រលង និងបង្ហាញនៅរសៀលថ្ងៃទី ៣០ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និង បង្ហាញនៅតាមបណ្ដាខេត្តនានានៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤។
បេក្ខជនដែលបានចុះឈ្មោះប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០៣-២០២៤ មានចំនួន ១៣៧ ០៤០ នាក់ ក្នុងនោះ បេក្ខជនមកពីគ្រឹះស្ថានអប់រំចំណេះទូទៅមាន ១១៦ ៦៣៦ នាក់ ក្រៅពីនោះជាបេក្ខជនមកពីគ្រឹះស្ថានអប់រំពិសេស។ ក្នុងចំណោមបក្ខជនដែលបានចុះឈ្មោះប្រលងទាំងអស់ បេក្ខជនជ្រើសរើសផ្នែក វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ ខណៈបេក្ខជនជ្រើសរើសផ្នែកវិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២ នាក់។
រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ពីមណ្ឌលប្រឡងសរុបមានចំនួន ២៣០ មណ្ឌល និងបន្ទប់ប្រឡងមានចំនួន ៥ ៥៣៣ បន្ទប់ ហើយក្នុងមួយបន្ទប់ផ្ទុកបេក្ខជន ២៥ នាក់។ បើប្រៀបធៀបទៅនឹងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២២ – ២៣ កើនឡើង ៣ មណ្ឌលថែមទៀត។ មណ្ឌលប្រឡងទាំងអស់មានទីតាំងនៅទីរួមខេត្ត និងមាននៅតាមទីរួមស្រុកធំៗមួយចំនួនប៉ុណ្ណោះ។ ការដាក់មណ្ឌលប្រឡងនៅទីរួមខេត្ត និងទីរួមស្រុកធំៗ ត្រូវបានរដ្ឋមន្ត្រីអប់រំអះអាងថា ដើម្បីងាយស្រួលគ្រប់គ្រង និងត្រួតពិនិត្យការប្រឡង។
ដំណើរការកំណែធ្វើឡើងនៅរាជធានីភ្នំពេញ ដែលមានមណ្ឌលកំណែចំនួន ១០ និងដំណើរការស្រង់បូកសរុបពិន្ទុតាមរយៈប្រព័ន្ធកុំព្យូទ័រនៅក្នុងក្រសួងអប់រំ យុវជន និងកីឡា។
ទម្រង់វិញ្ញាសា និងប្រធានវិញ្ញាសា គឺរក្សាទុកដដែល។ រក្សាដដែលមានន័យថា ទម្រង់វិញ្ញាសាមានពីរបែប គឺចម្លងលើក្ដារខៀន និងចែកក្រដាសវិញ្ញាសាដល់បេក្ខជន។ ចំណែកប្រធានវិញ្ញាសា មាន ៧ មុខវិជ្ជា។ មុខវិជ្ជាជម្រើសសម្រាប់ផ្នែកវិទ្យាសាស្ត្រ គឺប្រវត្តិវិទ្យា, ឯផ្នែកវិទ្យាសាស្ត្រសង្គម គឺផែនដី និងបរិស្ថានវិទ្យា។
គណៈមេប្រយោគ និងគណៈកម្មការប្រឡង ត្រូវបានជ្រើសរើសចេញពីថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ ដែលមានចំនួនជាង ២៩ ០០០ នាក់, ក្នុងនោះ ១៨ ៧២៤ នាក់ សម្រាប់ដំណើរការប្រឡង, ជាង ១០ ០០០ នាក់សម្រាប់ដំណើរការកំណែ និង ៧២២ នាក់ សម្រាប់ដំណើរការស្រង់បូកសរុបពិន្ទុ។
ក្នុងដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងអប់រំនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធរួមមានក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អគ្គិសនីកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។ ឯកឧត្ដម ហង់ ជួនណារុន បានបញ្ជាក់ថា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នឹងចូលរួមសង្កេតការណ៍ តាំងពីដំណើរការសំណេរ រហូតប្រកាសលទ្ធផល ចំនួន ៣២៥ នាក់ និងអ្នកសង្កេតការណ៍ចំនួន ៣ ៣១៨ នាក់៕
អត្ថបទ៖ ឈិន ធារ៉ាត់




