អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអំពាវនាវសាធារណជន កុំយល់ច្រឡំចំពោះការចេញផ្សាយយកជាការមិនបាន របស់សារព័ត៌មានឈ្មោះ បក្សីត្រចៀកកាំ ពាក់ព័ន្ធនឹងការអនុវត្តតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

ការអំពាវនេះ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន បក្សីត្រចៀកកាំ បានបង្ហាះផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ ភ្ជាប់ដោយសំណេរថា”អ្នកទោសក្នុងពន្ធនាគារ (ព្រៃស) ប្រើទូរស័ព្ទប្រព្រឹត្តបទល្មើសគ្រឿងញៀនយ៉ាងពេញបន្ទុក… បែកធ្លាយ ក្រោយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបានជាង ៤០០kg កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤”។

“ក្នុងនាមអង្គភាពសាធារណៈ អគ្គនាយកដ្ឋានពន្ធនាគារសូមអំពាវនាវការសហការផ្តល់ព័ត៌មាន និងផ្សព្វផ្សាយដោយផ្អែកលើមូលដ្ឋាន និងប្រភពច្បាស់លាស់ ចៀសវាងការធ្វើអត្ថាធិប្បាយប្រឌិត មានចរិតជា ព័ត៌មានអុចអាល វាយប្រហារជាន់ឈ្លីកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ សេចក្តីដូចបានបំភ្លឺជូនខាងលើ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបដោយ សុភវិនិច្ឆ័យ”។ នេះជាការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធនាគារ៕

ដើម្បីជ្រាបច្បាស់ សូមអានលិខិតបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធនាគារ៕

ប្រភព÷មន្ត្រីព័ត៌មាននៃក្រុមអ្នកនាំពាក្យ

Share.