ភ្នំពេញ: ឱកាសបុណ្យភ្ជុំបិណ្ឌបងប្អូនប្រជាពលរដ្ឋកម្មករកម្មការិនីរោងចក្រឈប់សម្រាកបាននាំគ្នាសម្រុកទៅស្រុកកំណើត ផ្លូវតូចធំមួយចំនួននៅក្នុងរាជធានីភ្នំពេញចរាចរណ៍មានការបមាញឹកជាពិសេសផ្លូវធំៗដែលជាផ្លូវសំខាន់ៗឆ្ពោះទៅតាមបណ្ដាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាចរាចរណ៍មានការមមាញឹកកាលពីល្ងាចថ្ងៃសៅរ៍។

ចំណែកនៅថ្ងៃអាទិត្យវិញតាំងពីព្រឹករហូតដល់ល្ងាចមានបងប្អូនប្រជាពលរដ្ឋកម្មករកម្មការិនីរោងចក្របាននៅបន្តធ្វើដំណើរទៅស្រុកកំណើតជាបន្តបន្ទាប់ឥតដាច់ ចំពោះចរាចរណ៍គឺមិនសូវជាញឹកខ្លាំងនោះទេ ជាក់ស្ដែងទិដ្ឋភាពនៅលើស្ពានព្រះមុនីវង្សឃើញថាចរាចរណ៍មិនសូវជាមមាញឹកនោះទេ ស្រលះទូលាយទាំងចរាចរណ៍ចេញពីក្រុងភ្នំពេញទៅតាមបណ្ដាខេត្តនិងទាំងមកពីខេត្តចូលក្នុងទីក្រុងភ្នំពេញមានចរាចរណ៍ធម្មតាស្រឡះធ្វើដំណើរបានស្រួល។

ជម្រាបផងដែរថាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមសេចក្ដីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយ យោងតាប្រសាសន៍ថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាល រាជធានីភ្នំពេញ កែសម្រួលកាលបរិច្ឆេទ នៃការដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ០៦ថ្ងៃ ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤ វិញ “ជិះមិនបង់ប្រាក់” ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ។

ក្នុងនោះ៖ ១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ។
២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានា ក្រៅពីតំបន់ភូមិភាគឦសាន)៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧គ្រឿង ដែលមានគោលនិងទីតាំងចំពោះទីតាំងចំណតនៅរាជធានីមានចំនួន៨ដូចខាងក្រោម៖
១-ស្ថានីយរថយន្តក្រុងវាលស្បូវ (ផ្លូវជាតិលេខ១ ច្រកចូលបុរីតារាសំណាង) (ភ្នំពេញ កណ្តាល ព្រៃវែង ស្វាយរៀង ភ្នំពេញ)។
២-ស្ថានីយរថយន្តក្រុងចាក់អង្រែលើ(ពី ភ្នំពេញ កណ្តាល តាកែវ ភ្នំពេញ)។

៣-និង ៤-ស្ថានីយរថយន្តក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស)(ពីភ្នំពេញ កំពង់ស្ពឺ កែប និង កំពង់ស្ពឺ កំពត -កំពង់ស្ពឺ ព្រះសីហនុ កោះកុង ភ្នំពេញ)។
៥-ស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវពី (ភ្នំពេញ បន្ទាយមានជ័យ ប៉ៃលិន ភ្នំពេញ)។
៦-ដីឡូត៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា)(ភ្នំពេញ សៀមរាប ឧត្តរមានជ័យ ភ្នំពេញ)។
៧-និង៨-ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង(ពីភ្នំពេញព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ និង ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ភ្នំពេញ)។

អត្ថបទ÷សេង សាវី

