​​​តូក្យូ៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយនាថ្ងៃចន្ទ នេះថា អនាគតនាយករដ្ឋមន្រ្តីថ្មី របស់ជប៉ុន លោក Shigeru Ishiba មានគម្រោងអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសកលមុនអាណត្តិនៅចុងខែតុលា ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

លោក Ishiba អាយុ ៦៧ឆ្នាំបានឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសជាប្រធានថ្មីរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ហើយត្រូវបានគេរំពឹងថា នឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃអង្គារ។

បើតាមទូរទស្សន៍ជប៉ុន NHK លោក Ishiba មានគម្រោងរំលាយសភានៅថ្ងៃទី៩ ខែតុលា មុនការបោះឆ្នោតសកលនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

លោក Ishiba កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក៏បានបង្ហើបដែរថា លោកមានបំណងអំពាវនាវឱ្យមានការបោះឆ្នោតមួយ ដើម្បីពង្រឹងអាណត្តិរបស់ លោក ឱ្យបានឆាប់តែដែលអាចធ្វើទៅបាន។

អតីតរដ្ឋមន្ត្រីការពារជាតិ លោក Ishiba បានជំនួសតំណែងលោក Fumio Kishida ក្លាយជាប្រធានបក្ស LDP ថ្មី ក្រោយលោក Kishida បានលាលែងពីតំណែងដោយសារការធ្លាក់ចុះប្រជាប្រិយភាព និងមានរឿងអាស្រូវក្នុងរបបដឹកនាំរបស់លោក។

សូមជម្រាបថា ការជាប់ឆ្នោតជាប្រធានបក្ស LDP ក៏មានន័យដែរថា លោក Ishiba នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ត្បិត LDP មានអាសនៈភាគច្រើន នៅក្នុងសភាគ្រប់គ្រាន់ដើម្បីតែងតាំងនាយករដ្ឋមន្ត្រី៕

ប្រភព៖ CNA

Share.