ក្រសួងសុខាភិបាលបាន​ចេញ​សេចក្តីជូនដំណឹងជា​សាធារណៈ ឱ្យប្រជាពលរដ្ឋ ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ចំណីអាហារ ការ​ពិសា​ស្រា​ហួស​កម្រិត ការ​ពុល​ស្រា និង​គ្រោះថ្នាក់​ចរាចរណ៍ ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌនេះ។

ក្រសួងក៏បានអំពាវនាវដល់អាជ្ញាធរជួយណែនាំ អនុវត្តវិធានការសុវត្ថិភាពចំណីអាហារ និងធានាថា ម្ហូបអាហារត្រូវបានរៀបចំដោយសុវត្ថិភាព និងរក្សាទុកបានល្អនៅក្នុងវត្ត ដោយមិនលាយអាហារចូលគ្នាទាំងអស់គ្នា ដើម្បីជៀស វាងការពុលអាហារ ឬជំងឺដែលបណ្តាលមកពីអាហារ។

លើសពីនេះ ក្រសួងបានជំរុញឱ្យទប់ស្កាត់ការលក់ស្រាដែលលាយ ឬផលិតដោយមិនប្រើបច្ចេកទេសត្រឹមត្រូវ ក៏ដូចជាណែនាំប្រជាពលរដ្ឋឱ្យជៀសវាងការប្រើប្រាស់មេតាណុលក្នុងការផលិតស្រាសបុរាណ ដែលអាចបណ្តាលឱ្យពុល និងស្លាប់។

ក្រសួងសុខាភិបាល ស្នើឱ្យសាធារណជនប្រកាន់ខ្ជាប់នូវអនាម័យ និងសុវត្ថិភាពចំណីអាហារ ដោយលាងដៃមុនពេលកាន់អាហារ និងលាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីប៉ះពាល់ជាមួយសត្វ រោមសត្វបក្សី ឬសារធាតុកខ្វក់ផ្សេងៗ។លាងសម្អាតឧបករណ៍ចម្អិនអាហារឱ្យបានត្រឹមត្រូវ និងរក្សាទុកអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ជាពិសេសសាច់ ស៊ុត និងអាហារសមុទ្រ។ កុំបរិភោគពងមាន់ឬពងទាឆៅ ឬមិនសូវឆ្អិន។

ក្រសួងក៏បានស្នើឱ្យសាធារណជនចូលរួមដោយអនុវត្តវិធានការការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ពីជំងឺផ្សេងៗ រួមទាំងការពុលអាហារ និងគ្រឿងស្រវឹង សុវត្ថិភាពនៅលើដងផ្លូវ និងការរីករាលដាលមេរោគផ្លូវដង្ហើម គ្រុនផ្តាសាយបក្សី គ្រុនផ្តាសាយ កូវីដ១៩ និងជំងឺឆ្លងផ្សេងៗទៀត៕

Share.