កីឡាករប្រដាល់គុនខ្មែរ ឈ្មោះ (Martin ម៉ា ទីន Kun Khmer) ជនជាតិអង់គ្លេស បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ប្រកាសសុំជំនួយ ក្រោយមានបញ្ហាសុខភាពធ្ងន់ធ្ងរតម្រូវឲ្យវះកាត់នៅបរទេស ប៉ុន្តែមិនមានថវិកាគ្រប់គ្រាន់។

កីឡាករ Martin ម៉ាទីន ថ្លែងថា៖«ខ្ញុំមិនដែលគិតទាល់តែសោះថាខ្ញុំនឹងធ្លាក់ក្នុងស្ថានភាពបែបនេះ ហើយខ្ញុំមិនដែលនឹកស្មានថាខ្ញុំនឹងសុំជំនួយពីបងប្អូនទេ។ ប៉ុន្តែវាជាបញ្ហាស្លាប់រស់ឥឡូវនេះ។ បច្ចុប្បន្ន ខ្ញុំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ហើយខ្ញុំបានចំណាយប្រាក់រាប់ពាន់ដុល្លាររួចហើយដើម្បីរក្សាជីវិត ដោយចំណាយអ្វីគ្រប់យ៉ាងដែលខ្ញុំបានសន្សំពេញមួយជីវិតរបស់ខ្ញុំ។ ស្ថានភាពរបស់ខ្ញុំគឺធ្ងន់ធ្ងរណាស់ ជំងឺនេះគឺតម្រូវឲ្យខ្ញុំទៅវះកាត់នៅបរទេស ប៉ុន្តែខ្ញុំមិនមានថវិកាគ្រប់គ្រាន់ទេ។ ឥឡូវនេះមានតែថ្នាំបង្ការការកកឈាមដែលរក្សាឲ្យខ្ញុំនៅរស់ ប៉ុន្តែបើមិនបានវះកាត់ទេ ខ្ញុំនឹងគ្មានសង្ឃឹមរស់រានមានជីវិតទេ»។

Martin ម៉ាទីន បន្តថា៖«ខ្ញុំកំពុងទាក់ទងសុំជំនួយពីសហគមន៍គុនខ្មែរ និងបងប្អូនដែលគាំទ្រខ្ញុំអស់ជាច្រើនឆ្នាំមកនេះ។ ខ្ញុំបានលះបង់កម្លាំងកាយចិត្តរបស់ខ្ញុំដើម្បីហ្វឹកហាត់និងលើកតម្កើងក្បាច់គុនមួយនេះ ហើយថ្ងៃនេះសុខភាពរបស់ខ្ញុំស្រាប់តែធ្លាក់ចុះ។ ខ្ញុំសុំជំនួយពីបងប្អូនទាំងអស់គ្នា តិចតួចស្តួចស្តើងតាមទឹកចិត្តដែលបងប្អូនមាន។ សូមបងប្អូនមេត្តាជួយបរិច្ចាគ និងស៊ែរ QR កូដ របស់ខ្ញុំដើម្បីឲ្យបងប្អូនទាំងអស់គ្នាដែលគាំទ្រវិស័យគុនខ្មែរបានដឹងនិងជួយបរិច្ចាគថវិកាដើម្បីឲ្យខ្ញុំអាចវះកាត់និងព្យាបាលផង។ ខ្ញុំចង់បន្តរស់នៅ បន្តតស៊ូ និងលើកស្ទួយគុនខ្មែរបន្តទៀត។ សូមអរគុណដោយស្មោះអស់ពីចិត្ត»៕

Share.