ពោធិ៍សាត់ះ ឯកឧត្តមខូយរីដាអភិបាលខេត្តពោធិ៍សាត់បានដាក់ផែនការយ៉ាងម៉ឺងម៉ាត់ដល់គ្រប់ស្ថាប័នអង្គភាពមន្ទីរអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវតែរៀបចំកែលម្អសុភ័ណភាពក្នុងក្រុងនិងទីប្រជុំជននានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអោយមានសម្រស់កាន់តែស្រស់បំព្រងឡើងជាពិសេសធានាឲ្យបាននៅសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការខេត្តរៀបចំព្រឹត្តិការណ៍ពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ការរៀបចំឲ្យមានសុភ័ណភាពអនាម័យបរិស្ថានល្អស្អាតក្នុងក្រុងនិងទីប្រជុំជននានាគឺជាកត្តាចាំបាច់សំខាន់ មួយផ្នែកដើម្បីទាក់ទាញភ្ញៀវមកកំសាន្តលេងកាន់តែច្រើននិងជាមោទនភាពមុខមាត់ខេត្តយើងផងដែរ។

លើសពីនេះទៀតគឺការធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្តមកចូលលេងកំសាន្តប្រកបដោយសុខសុវត្ថិភាពគឺជារឿងចាំបាច់ ទាំងនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាព្រឹត្តិការណ៍បុណ្យជាតិនានា ដែលនឹងត្រូវប្រារព្ធធ្វើជាបន្តបន្ទាប់ដូចជាពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកកំបុកនិងសំពះព្រះខែជាដើម។

ក្នុងន័យនេះ ឯកឧត្តម បានដាក់ផែនការដោយជំរុញឲ្យគ្រប់ ស្ថាប័នអង្គភាពមន្ទីរពាក់ព័ន្ធត្រូវចុះពិនិត្យ គ្រប់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលត្រូវរៀបចំនិងអនុវត្តឱ្យបានឆាប់នឹងមានប្រសិទ្ធភាពប្រកបដោយការទទួលខុសត្រូវខ្ពស់៕

អត្ថបទ៖ ពោធិ៍សាត់

Share.