បើតាមភរិយាមហាសេដ្ឋីឌូបៃម្នាក់ បានអះអាងថា ស្វាមីរបស់នាងបានចំណាយប្រាក់ប្រមាណជា ៥០លានដុល្លារអាមេរិក ដើម្បីឱ្យនាងបានស្លៀកឈុតប៊ីគីនីដើរលើឆ្នេរនោះតែម្នាក់ឯង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Hindustan Times ។

នារីដ៏សំណាងម្នាក់នេះមានឈ្មោះថា Soudi Al Nadak អាយុ ២៦ឆ្នាំ បានចែករំលែកវីដេអូនៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram អំពីកោះដែលស្វាមីនាងបានទិញជាអំណោយ អមដោយខ្លឹមសារថា «នៅពេលដែលអ្នកចង់ស្លៀកឈុតប៊ីគីនី ហើយប្ដីមហាសេដ្ឋីរបស់អ្នកទិញកោះមួយឱ្យអ្នក»។
Soudi Al Nadak គឺជាជនជាតិអង់គ្លេស ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងទីក្រុងឌូបៃជាមួយស្វាមីអ្នកជំនួញ Jamal Al Nadak។ គូស្នេហ៍មួយគូនេះបានជួបគ្នាពេលពួកគេនៅជានិស្សិត ហើយបានរៀបការតាំងពីឆ្នាំ២០២១ ពោលគឺ ៣ឆ្នាំមកហើយ។

នៅលើទំព័រ Instagram ផ្ទាល់ខ្លួនរ Soudi Al Nadak តែងតែបង្ហោះវីដេអូដែលមានចំណងជើងថា «តើប្តីមហាសេដ្ឋីរបស់ខ្ញុំចំណាយលើខ្ញុំប៉ុន្មានសប្តាហ៍នេះ»? វីដេអូនីមួយៗមានអ្នកមើលច្រើនលើសលប់ជាមួយនឹងចំនួនដ៏ច្រើនចាប់ពី ៥០,០០០ដុល្លារ ដល់ ១លានដុល្លារឯណោះ។

ដោយឡែកគ្រាន់តែនាងបង្ហោះវីដេអូពីកោះឯកជនដែលប្ដីនាងទិញឱ្យ ក្នុងបណ្ដាញសង្គម Instagram មានអ្នកចូលទស្សនាជាង ២.៤លានដង ក្នុងរយៈពេលមិនដល់ ១សប្ដាហ៍ផងទេនោះ។

Soudi Al Nadak ចែករំលែកជាមួយកាសែត Hindustan Times ថា «វាជាអ្វីមួយដែលយើងកំពុងស្វែងរកការវិនិយោគមួយរយៈ ហើយប្តីរបស់ខ្ញុំចង់ឲ្យខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពនៅលើឆ្នេរ នោះហើយជាមូលហេតុដែលគាត់បានទិញកោះមួយ»។
យ៉ាងណាម៉ិញ Soudi Al Nadak ក៏បានបង្ហាញផងដែរថា កោះនេះមានតម្លៃ ៥០លានដុល្លារអាមេរិក និងមានទីតាំងនៅអាស៊ី។ ទោះជាយ៉ាងណា សម្រាប់ហេតុផលផ្ទាល់ខ្លួន អ្នកមានឥទ្ធិពលរូបនេះបដិសេធមិនបង្ហាញពីទីតាំងពិតប្រាកដរបស់នាងឡើយ។ នៅខាងក្រោមការបង្ហោះនេះ មានមតិជាច្រើនបានសម្តែងមន្ទិលចំពោះអ្វីដែលនាងបានបង្ហាញផងដែរ៕

