រមណីយដ្ឋាន ភ្នំសំពៅ នាពេលបច្ចុប្បន្ន ក្រោយមានការស្ថាបនា ចម្លាក់ថ្ម ពុទ្ធបដិមា ទាំង៣ផ្ទាំង នៅលើជញ្ជាំងថ្មភ្នំ ប៉ែកខាងកើត នៃចង្កេះភ្នំ សំពៅ ស្ថិតត្រង់ចំណុចច្រកចូលទៅកាន់ តំបន់ខាងលើ នៃខ្នងភ្នំសំពៅ ទីនោះ បានក្លាយជាទីតាំងទាក់ទាញភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទី មានទាំងភ្ញៀវជាតិ និង អន្តរជាតិ ឱ្យមកលេងកម្សាន្តជាប់មិនចេះដាច់។


លើសពីនេះ នៅជើងភ្នំសំពៅក៏មានរៀបចំជា ផ្សាររាត្រី និងជាពិសេសគឺ បានគយគន់ ទិដ្ឋភាព ហ្វូងសត្វប្រចៀវរាប់រយលានក្បាលហោះចេញពីល្អាងប្រចៀវ នាពេលសូរិយារៀបលិច ដែលល្អាងប្រចៀវនេះស្ថិតជាប់នឹងចម្លាក់ថ្មភ្នំដ៏ធំមហិមាទាំង៣ផ្ទាំងនោះតែម្ដង។
ទាំងនេះអាចចាត់ទុកជាចំណីចក្ខុប្លែកភ្នែកថ្មីមួយទៀត ដែលធ្វើឱ្យ រមណីយដ្ឋាន ភ្នំសំពៅ ស្រូបទាញ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឱ្យជាប់ចិត្តបំភ្លេចមិនបាន ជាក់ស្ដែង ដូចជានៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ២០២៤ នេះផ្ទាល់ គឺមានភ្ញៀវទេសចរណ៍ចំរុះ បានសំរុកមកដើរលេងកម្សាន្ត ថតរូបលេង និង ភ្លក់ម្ហូបអាហារឆ្ងាញ់ៗ បង្អែម និង នំខ្មែរ បុរាណជាច្រើនមុខផងដែរ។

ក្រៅតែពីរមណីយដ្ឋាន ធម្មជាតិខាងលើនេះ ទូទាំងខេត្តបាត់ដំបងទាំងមូល មានគោលដៅ ទេសចរណ៍ ដែលសម្បូរទៅដោយរមណីយដ្ឋាន សហគមន៍ និងគោលដៅ ទេសចរណ៍ ដ៏ សំបូរបែប មានទាំងបែប ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី និងធនធាន ធម្មជាតិ សម្រាប់ បម្រើដល់វិស័យទេសចរណ៍ កំពុងនៅចាំស្វាគមន៍ភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និង បរទេស។

សូមជម្រាបជូនថា រូបចម្លាក់ព្រះពោធិសាត់ទាំង៣ផ្ទាំងឆ្លាក់ជាប់ជញ្ជាំង ថ្មភ្នំ ខាងលើនេះ ប្រាប់ដំណើររឿង ពុទ្ធប្រវត្តិ តាមលំដាប់លំដោយតាំងពី ព្រះពុទ្ធទ្រង់ប្រសូត ព្រះពុទ្ធទ្រង់ត្រាស់ដឹង និង ព្រះពុទ្ធទ្រង់បរិនិព្វាន៕

