លោក Koji Gyotoku គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានផ្ដល់កិច្ចសម្ភាសន៍ខ្លីមួយជាមួយក្រុមការងារសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី៦ តុលានេះ និងបានបង្ហាញពីការតាំងចិត្តក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា ឈុតធំក្នុងការប្រកួតនាពេលខាងមុខ ពិសេសធ្វើឱ្យបាល់ទាត់កម្ពុជារីកចម្រើន បើទោះជាលោកមានពេលវេលារវល់ច្រើនយ៉ាងណាក៏ដោយ។

លោក Koji Gyotoku បាននិយាយថា៖ «លោកមានអារម្មណ៍ធម្មតា នៅពេលទទួលបានតួនាទីមួយនេះ លោកនឹងផ្ដាច់ជ្ញាចិត្ត ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការដឹងនាំក្រុមជម្រើសជាតិកម្ពុជា។ ប៉ុន្តែសម្រាប់ការងារគឺមិនមែនមានតែជាមួយក្រុមជម្រើសជាតិឈុតធំ គឺនៅមានការងារជាមួយក្រុមផ្សេងៗទៀតដែលលោកកំពុងគិតព្យាយាមជួយឱ្យបាល់ទាត់កម្ពុជា រីកចម្រើន»។
លោក Koji Gyotoku បានបន្តថា គិតចាប់ពីក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំមក គឺ ក្រុមយុវជនអាយុក្រោម ២០ឆ្នាំ ដែលទៅប្រកួតនៅចិនតៃបុិ និងបន្ទាប់មកទៀតគឺ ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ ដូចនេះសម្រាប់មួយរយ:ពេលនេះលោក មិនទាន់បានត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់រៀបចំក្រុមយុវជនអាយុក្រោម ១៧ឆ្នាំទេ ដោយកំពុងជាប់ភារកិច្ចជាមួយឈុតធំ ខណ:ការងារចម្បងមួយទៀតគឺនៅសាលាបាល់ទាត់ជាតិបាទី។

លោក Koji បានបន្ថែមថា លោកមានពេលរវល់ និងមិនមានពេលគ្រប់គ្រាន់សម្រាប់បំពេញការងារឱ្យបានត្រឹមត្រូវប៉ុន្តែគាត់ នឹងព្យាយាមឱ្យអស់ពីសមត្ថភាពរបស់គាត់ ដើម្បីបំពេញឱ្យបានល្អឥតខ្ចះ តាមអ្វីដែលគាត់អាចធ្វើបាន។
សម្រាប់ភាពខុសគ្នាក្នុងការដឹកនាំ ក្រុមយុវជន និងឈុតធំ លោក Koji បានបញ្ចាក់ថា៖ «លោកធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមឈុតធំនៅ ប្រទេសប៊ូតាន់ និងនេប៉ាល់ បើទោះបីជាមកដល់កម្ពុជា លោកដឹកនាំតែក្រុមយុវជនក៏ដោយ ដូចនេះតាមរយ:បទពិសោធន៍របស់គាត់កន្លងមកមិនមានអ្វីជាការឧបស័គ្គឡើយ។ ប៉ុន្តែអ្វីដែលសំខាន់គឺការប្រាស្រ័យទាក់ទង់ជាមួយកីឡាករគឺផ្សេងគ្នា មួយវិញទៀតគាត់ថានៅមិនទាន់បានស្គាល់ពីកីឡាករមួយចំនួន និងចាប់ផ្ដើមស្វែងយល់នៅពេលប្រមូលផ្ដុំ»។

ក្រៅពីការរៀបចំក្រុមឈុតធំប្រកួតមិត្តភាពអន្តរជាតិនាពេលខាងមុខ និងការប្រកួតផ្លូវការនៅចុងឆ្នាំនេះ លោកថា ជាដំបូងលោកគិតពីការប្រកួតជាមួយចិនតៃបុិ សិនដើម្បីដឹងពីកីឡាករ ក៏ដូចជាកម្រិតលេងក្នុងរយ:ពេល២ប្រកួតខាងមុខនេះ។ ក្រៅពីនេះលោក Koji ក៏មានគម្រោងមួយទៀត លោកដឹងថានៅក្នុងខែ វិច្ចិកា ខាងមុនគឺថ្ងៃ FIFA DAY យើងនឹងមានការប្រកួតបន្ទាប់ដើម្បីកែប្រែក្រុមមួយ ត្រៀមក្នុងពានរង្វាន់ប្រចាំតំបន់អាស៊ាន នៅចុងឆ្នាំនេះ។
សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Koji Gyotoku ជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា នឹងត្រៀមប្រកួតមិត្តភាពអន្តជាតិ ទល់នឹងក្រុមចិនតៃប៉ិ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ក្នុងពហកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ក្នុងរាជធានីភ្នំពេញ វេលាម៉ោង ៧:០០ នាទីយប់៕



